វត្តមាន​របស់​សង្គម​ស៊ី​វិល​នៅ​ក្នុង​បន្ទប់​ថវិកា​៖​ ការ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ជាតិ​របស់​កម្ពុជា​ស្តី​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ

នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​មក​ពី​បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ សម្រាប់​វេទិកាសាធារណៈ​ជាតិ​ស្តី​ពី​ «​ការ​ចូលរួម​របស់​សាធារណជន​ក្នុង​ការ​ពង្រឹង​តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកាជាតិ​ក្នុង​ដំណើរការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​»​។​ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុមការងារ​ថវិកាជាតិ​ អង្គការ​អូ​ឌី​ស៊ី​គឺជា​សំឡេង​មួយ​ក្នុង​ចំណោម​សំឡេង​ជា​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​កម្ពុជា​ ដែល​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ឈ្វេងយល់​ពី​ការ​ដែល​សង្គម​ស៊ី​វិល​អាច​ចូលរួម​កាន់តែ​មាន​អត្ថន័យ​ជាមួយ​ថវិកាជាតិ​ និង​ជា​ពេលវេលា​សមរម្យ​មួយ​ក្នុង​ការ​ចាប់ផ្ដើម​ចូលរួម​ជាមួយ​គ្នា​។

​សិក្ខាសាលា​នេះ​បាន​ចាប់ផ្ដើម​ដោយ​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​។​ ស​ន្ទ​ស្សន៍​នៃ​ការ​អង្កេត​លើ​ការ​បើកចំហ​ថវិកា​ (OBI)​ របស់​ប្រទេស​កម្ពុជា​ ដែល​ជា​សូចនាករ​អន្តរជាតិ​មួយ​វាស់វែង​ពី​កម្រិត​នៃ​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ និង​ការ​យល់​ដឹង​របស់​សាធារណជន​ចំពោះ​ឯកសារ​ថវិកា​របស់​រដ្ឋាភិបាល​ បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​ ពី​ពិន្ទុ​ត្រឹមតែ​ ៨​ នៅ​ឆ្នាំ​២០១៥​ ដល់​ ៥៤​ នៅ​ឆ្នាំ​២០២៥​។​ ​ទោះបីជា​កំណើន​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កែទម្រង់​យ៉ាង​ពិតប្រាកដ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (MEF)​ រួម​ទាំង​ការ​ចូលរួម​ក្នុង​ដំណើរការ​កែទម្រង់​ថវិកា​ដែល​ទទួល​បានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ (EU)​ ក៏​ដោយ​ ប៉ុន្តែ​កម្ពុជា​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ពិន្ទុ​ ៦១​ ដែល​អង្គការ​ភាព​ជា​ដៃគូ​ថវិកា​អន្តរជាតិ​ (IBP)​ ចាត់​ទុក​ថា​ ជា​កម្រិត​ «​គ្រប់គ្រាន់​»​ នៅឡើយ​ទេ​។​ សារសំខាន់​ដែល​បាន​លេច​ចេញពី​អ្នកចូលរួម​គឺ​ច្បាស់លាស់​ថា​៖​ ទោះបីជា​ពិន្ទុ​កំពុង​តែ​ឆ្ពោះទៅ​ក្នុង​ទិស​ដៅ​វិជ្ជមាន​ក៏​ដោយ​ ការ​ចូលរួម​ប្រកបដោយ​អត្ថន័យ​ពី​សាធារណជន​ និង​សង្គម​ស៊ី​វិល​ គឺជា​កត្តាចាំបាច់​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​។​

​ប្រធានបទ​មួយ​ដែល​ត្រូវ​បាន​លើក​ឡើងជា​ញឹកញាប់​ពេញ​មួយ​ថ្ងៃ​ គឺ​ភាព​ខុស​គ្នា​រវាង​ «​ការ​ចំណាយ​កាន់តែ​ច្រើន​»​ និង​ «​ការ​ចំណាយ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។​ ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​ចំណូល​សាធារណៈ​របស់​កម្ពុជា​ ដែល​ប្រមូល​ចំណូល​ពី​ប្រភេទ​ពន្ធ​ និង​ចំណូល​មិនមែន​ពន្ធ​ចំនួន​ ១៨​ ប្រភេទ​ រួម​មាន​ពន្ធ​លើ​តម្លៃបន្ថែម​ (VAT)​ ពន្ធលើប្រាក់ចំណេញ​ អាករ​គយ​ ការ​ជួល​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​ការ​ជួល​ដី​ជាដើម​ បាន​បង្ហាញ​ថា​ ការ​ប្រមូល​ចំណូល​បាន​ច្រើន​តែ​មួយ​មុខ​ មិន​អាច​ធានា​បាន​ថា​ ថវិកា​ទាំងនោះ​នឹង​ត្រូវ​បាន​បែងចែក​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​បំផុត​នោះ​ទេ​។​ សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​តំណាង​ឱ្យ​អាជីវកម្ម​ជាង​៩០​ភាគរយ​នៅ​ក្នុង​ប្រទេស​ និង​រួមចំណែក​ប្រមាណ​៥០​ទៅ​៦០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ត្រូវ​បាន​គូសបញ្ជាក់​ថា​ជា​អ្នក​រួមចំណែក​ដ៏​សំខាន់​ចំពោះ​មូលដ្ឋាន​ពន្ធ​ និង​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ចំណាប់អារម្មណ៍​ដោយ​ផ្ទាល់​លើ​ការ​បែងចែក​ថវិកា​។​

​សំណួរ​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​អំពី​ថា​តើ​ថវិកា​ពី​វិស័យ​ថាមពល​នឹង​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កើនឡើង​ដែរ​ឬទេ​ ហើយ​ថា​តើ​សហគមន៍​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​នឹង​ទទួល​បានការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​តាម​រយៈ​កញ្ចប់​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ដែរ​ឬ​យ៉ាងណា​។​ ការ​ពិភាក្សា​ក៏​បាន​លើក​ឡើង​អំពី​ថា​តើ​ជន​មាន​ពិការ​ភាព​មានការ​បែងចែក​ថវិកា​ជាក់លាក់​សម្រាប់​ពួក​គេ​ដែរ​ឬទេ​ ដែល​នេះ​ជា​សំណួរ​ឆ្លុះ​បញ្ចាំង​អំពី​ការ​អំពាវនាវ​កាន់តែ​ទូលំទូលាយ​សម្រាប់​ការ​រៀបចំ​ថវិកា​ក្នុង​ការ​ឆ្លើយ​តប​ប្រកបដោយ​ការ​គិតគូរ​ពី​ជន​ងាយ​រង​គ្រោះ​បំផុត​។​

សិក្ខាសាលា​នេះ​ក៏​បាន​ពិនិត្យ​មើល​ផង​ដែរ​អំពី​ឧបករណ៍​ដែល​មាន​ស្រាប់​សម្រាប់​កែ​លម្អ​តម្លាភាព​។​ សំណើ​ដែល​ត្រូវ​បាន​លើក​ឡើង​មាន​ចាប់ពី​ការ​ពង្រឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ព័ត៌មាន​ រហូត​ដល់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ជំនួយ​ (hotline)​ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI)​ ដើម្បី​ធ្វើ​ឱ្យ​ព័ត៌មាន​ថវិកា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ និង​យល់​ដឹង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មានចំណេះ​ដឹង​បច្ចេកទេស​នៅ​មាន​កម្រិត​។​ ការ​យល់​ដឹង​ដ៏​សំខាន់​មួយ​ដែល​ចែករំលែក​ដោយ​វាគ្មិន​ជា​ច្រើន​គឺថា​ថវិកាជាតិ​ជា​កម្មសិទ្ធិ​របស់​សាធារណជន​ហើយ​បំណុល​សាធារណៈ​ដែល​កំពុង​កើនឡើង​ និង​មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​នៅ​កម្រិត​គ្រួសារ​ធ្វើ​ឱ្យ​ការ​ត្រួតពិនិត្យ​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​លើ​ដំណើរការ​ថវិកា​មិនមែន​គ្រាន់តែ​ជា​សិទ្ធិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ភាព​ចាំបាច់​ផង​ដែរ​។

ជាមួយ​គ្នា​នឹង​ការ​សម្លឹង​មើលទៅ​មុខ​ សិក្ខាសាលា​នេះ​បាន​គូសបញ្ជាក់​ពី​តម្រូវការ​សម្រាប់​ក្រប​ខណ្ឌ​រួម​មួយ​ដែល​ពង្រឹង​ការ​សម្របសម្រួល​រវាង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ខណៈ​ពេល​ដែល​បង្កើត​បណ្តាញ​ដ៏​មាន​អត្ថន័យ​សម្រាប់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​។​ យន្តការ​ដែល​អនុញ្ញាត​ឱ្យ​សហគមន៍​ និង​សង្គម​ស៊ី​វិល​បង្ហាញ​ពី​អាទិភាព​របស់​ពួក​គេ​អាច​ជួយ​រដ្ឋាភិបាល​ឱ្យ​កំណត់​បាន​កាន់តែ​ប្រសើរ​ឡើង​នូវ​កន្លែង​ដែល​ត្រូវការ​ធនធាន​ និង​ការ​យកចិត្តទុកដាក់​បំផុត​។​

​សម្រាប់​អង្គការ​អូ​ឌី​ស៊ី​វេទិកា​នេះ​មិន​ត្រឹមតែ​ជា​ឱកាស​មួយ​ដើម្បី​ចូលរួម​ស្តាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បាន​ពង្រឹង​សារៈសំខាន់​នៃ​ការ​ប្រែក្លាយ​ការ​សន្ទនា​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង​។​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ខាង​មុខ​អង្គការ​អូ​ឌី​ស៊ី​នឹង​ពង្រឹង​បន្ថែម​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​ព័ត៌មាន​អំពី​ថវិកា​ និង​ហិរញ្ញវត្ថុ​របស់​សាធារណជន​ដោយ​ធានា​ថា​ទិន្នន័យ​មិន​ត្រឹមតែ​អាច​រកបាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ងាយ​យល់​ និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ អង្គការ​អូ​ឌី​ស៊ី​បន្ត​អភិវឌ្ឍ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ដែល​ងាយស្រួល​ប្រើប្រាស់​ និង​យល់​ដឹង​ ដើម្បី​គាំទ្រ​ដល់​ការ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​ និង​ការ​ផ្តល់​សេវា​សាធារណៈ​។​ ប្រជាពលរដ្ឋ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​អាច​ឈ្វេងយល់​ពី​ព័ត៌មាន​ថវិកា​សម្រាប់​សាលា​បឋម​សិក្សា​តាម​រយៈ​ព័ត៌មាន​ថវិកា​សាលា​បឋម​សិក្សា​ ទទួល​បាន​ទិន្នន័យ​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ឈ្វេងយល់​បន្ថែម​អំពី​ហិរញ្ញប្បទាន​សេវា​សុខភាព​តាម​រយៈ​ព័ត៌មាន​ថវិកា​មណ្ឌល​សុខភាព​។​ តាម​រយៈ​ការ​ធ្វើ​ឱ្យ​ធនធាន​ព័ត៌មាន​ទាំងនេះ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ អូ​ឌី​ស៊ី​មាន​គោលបំណង​លើកកម្ពស់​តម្លាភាព​ ជំរុញ​ការ​ចូលរួម​របស់​សាធារណជន​ដោយ​ផ្អែក​លើ​ព័ត៌មាន​ច្បាស់លាស់​ និង​រួមចំណែក​ដល់​ការ​ពង្រឹង​អភិបាលកិច្ច​ដែល​មាន​គណនេយ្យ​ភាព​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​។​