ពង្រឹងការការពារព្រៃសហគមន៍តាមរយៈទិន្នន័យបើកទូលាយ
នៅថ្ងៃទី ៤-៦ ខែសីហា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលចំនួនបី នៅខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី ស្តីពីការប្រើប្រាស់ ព័ត៌មានទិន្នន័យស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើ ដើម្បីគាំទ្រដល់ការតាមដាន និងការការពារព្រៃឈើដោយសហគមន៍។ គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពី Global Forest Watch (GFW) និង Norwegian People’s Aid (NPA)។
វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ការប្រើប្រាស់ទិន្នន័យជូនដំណឹងអំពីការរំខានព្រៃឈើសម្រាប់ការតាមដាន និងការការពារព្រៃឈើ» មានអ្នកចូលរួមសរុប ៨៥នាក់ រួមមានសមាជិកសហគមន៍ជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ សហគមន៍មូលដ្ឋាន និងអង្គការសហគមន៍មូលដ្ឋាន មកពីខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពសហគមន៍ក្នុងការប្រើប្រាស់ទិន្នន័យជូនដំណឹងអំពីការរំខានព្រៃឈើ និងបច្ចេកវិទ្យាឌីជីថល ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងឆ្លើយតបចំពោះការរំខានដែលអាចកើតមាននៅក្នុងតំបន់ព្រៃរបស់ពួកគេ។
បំលែងទិន្នន័យពីផ្កាយរណបទៅជាព័ត៌មានដែលសហគមន៍អាចប្រើប្រាស់បាន
ក្រុមការងារបានណែនាំអ្នកចូលរួមអំពីទិន្នន័យជូនដំណឹងអំពីការរំខានព្រៃឈើ ដែលធ្វើឡើងតាមរយៈបច្ចេកវិទ្យាផ្កាយរណប និងទិន្នន័យពីប្រភពដូចជា Global Forest Watch, JJ-FAST និង SERVIR Southeast Asia។ ប្រភពទិន្នន័យទាំងនេះអាចផ្តល់សញ្ញាដំបូងអំពីការផ្លាស់ប្តូរ ឬការរំខានដែលអាចកើតមាននៅក្នុងតំបន់ព្រៃ។ សម្រាប់សហគមន៍ដែលមានភារកិច្ចការពារព្រៃឈើ ការដឹងថាតើតំបន់ណាដែលគួរយកចិត្តទុកដាក់ជាមុន អាចជួយឱ្យការចុះល្បាត និងការតាមដានមានប្រសិទ្ធភាពជាងមុន។ ព័ត៌មានទិន្នន័យនេះអាចជួយសហគមន៍កំណត់ទីតាំងដែលអាចមានការរំខាន បង្ហាញទីតាំងទាំងនោះនៅលើផែនទី និងប្រើប្រាស់ព័ត៌មាននេះ ដើម្បីរៀបចំការចុះពិនិត្យ និងផ្ទៀងផ្ទាត់នៅទីវាល។
ទោះជាយ៉ាងណា វគ្គបណ្តុះបណ្តាលបានផ្តោតលើចំណុចសំខាន់មួយថា៖ ការជូនដំណឹងមិនមែនមានន័យថា មានការបាត់បង់ព្រៃឈើ ឬសកម្មភាពខុសច្បាប់កើតឡើងនោះទេ។ ការជូនដំណឹងគ្រាន់តែជាព័ត៌មានបឋម ដែលត្រូវការពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែមតាមរយៈការសង្កេតនៅទីវាល និងចំណេះដឹងមូលដ្ឋានរបស់សហគមន៍។
រៀនតាមរយៈការអនុវត្តជាក់ស្តែង
ផ្នែកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមគឺការអនុវត្តជាក់ស្តែង។ ជំនួសឱ្យការស្តាប់តែបទបង្ហាញ អ្នកចូលរួមបានប្រើប្រាស់ទូរស័ព្ទដៃផ្ទាល់ខ្លួន ដើម្បីស្វែងយល់ពីព័ត៌មានទិន្នន័យ និងអនុវត្តការប្រើប្រាស់ឧបករណ៍ឌីជីថល។ ពួកគេបានរៀនស្វែងរកទីតាំងតាមរយៈ Google Maps ទទួលការជូនដំណឹងតាមតេលេក្រាម និងប្រើប្រាស់ឯកសារ KML ដើម្បីបង្ហាញទីតាំងនៅលើ Google Earth។ ពួកគេក៏បានអនុវត្តការកំណត់តំបន់ដែលអាចមានការរំខាន និងស្វែងយល់ពីរបៀបដែលព័ត៌មានទាំងនេះអាចជួយដល់ការផ្ទៀងផ្ទាត់នៅទីវាល និងការរៀបចំផែនការចុះល្បាត។
អ្នកចូលរួមជាច្រើនយល់ថា វគ្គបណ្តុះបណ្តាលបានជួយភ្ជាប់បច្ចេកវិទ្យាផ្កាយរណបទៅនឹងការងារជាក់ស្តែងដែលពួកគេកំពុងអនុវត្តដើម្បីការពារព្រៃសហគមន៍។ ការជូនដំណឹងពីផ្កាយរណបដែលអាចមើលទៅជាព័ត៌មានបច្ចេកទេស បានក្លាយជាទីតាំងជាក់លាក់មួយដែលសហគមន៍អាចកំណត់ ស្វែងយល់ ពិភាក្សា និងអាចចុះពិនិត្យជាក់ស្តែងនៅទីវាល។
ពីការបណ្តុះបណ្តាលទៅជាការជូនដំណឹងសម្រាប់តំបន់សហគមន៍នីមួយៗ
ការងារនេះមិនបានបញ្ចប់ត្រឹមតែវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ក្រុមការងារអូឌីស៊ីបានសហការជាមួយសហគមន៍ និងដៃគូពាក់ព័ន្ធដើម្បីបង្កើតតំបន់គោលដៅ (Areas of Interest – AOIs) ដែលស្របទៅនឹងព្រៃសហគមន៍ និងតំបន់ទទួលខុសត្រូវរបស់សហគមន៍នីមួយៗ។
តំបន់គោលដៅទាំងនេះអនុញ្ញាតឱ្យប្រព័ន្ធផ្តល់ព័ត៌មានដែលមានភាពច្បាស់លាស់ និងផ្តោតលើតំបន់ជាក់លាក់ជាងមុន។ នៅពេលប្រព័ន្ធរកឃើញការរំខានព្រៃឈើដែលអាចកើតមាននៅក្នុងតំបន់របស់សហគមន៍ ការជូនដំណឹងនឹងត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់ឆានែលតេលេក្រាមរបស់សហគមន៍។
នេះមានន័យថា សហគមន៍មិនចាំបាច់ស្វែងរកព័ត៌មានដោយខ្លួនឯងជាប្រចាំពីតំបន់ធំៗនោះទេ។ ពួកគេអាចទទួលបានការជូនដំណឹងដែលពាក់ព័ន្ធជាពិសេសនឹងតំបន់ដែលខ្លួនទទួលខុសត្រូវតាមដាន។ បន្ទាប់មក សហគមន៍អាចពិនិត្យទីតាំង និងរៀបចំការចុះផ្ទៀងផ្ទាត់ ឬចុះល្បាតនៅទីវាលតាមភាពសមស្រប។
ភ្ជាប់បច្ចេកវិទ្យាជាមួយចំណេះដឹងមូលដ្ឋាន
ការចូលរួមយ៉ាងសកម្ម និងការពិភាក្សាក្នុងអំឡុងវគ្គបណ្តុះបណ្តាលបានបង្ហាញថា បច្ចេកវិទ្យាមានប្រយោជន៍បំផុតនៅពេលវាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍។ វគ្គបណ្តុះបណ្តាលបានបង្ហាញថា ការតាមដានព្រៃឈើតាមប្រព័ន្ធឌីជីថលមិនចាំបាច់ជាការងារសម្រាប់តែអ្នកជំនាញបច្ចេកទេសនោះទេ។ ជាមួយនឹងការណែនាំជាក់ស្តែង សមាជិកសហគមន៍អាចប្រើប្រាស់ឧបករណ៍ឌីជីថលដែលងាយស្រួលប្រើតាមរយៈទូរស័ព្ទដៃដើម្បីទទួលបាន និងយល់អំពីព័ត៌មានទាក់ទងនឹងព្រៃឈើរបស់ពួកគេ។ ការរួមបញ្ចូលគ្នារវាងព័ត៌មានពីផ្កាយរណប ឧបករណ៍ឌីជីថល ចំណេះដឹងមូលដ្ឋាន និងការផ្ទៀងផ្ទាត់នៅទីវាលអាចផ្តល់ឱកាសឱ្យសហគមន៍ធ្វើការតាមដានព្រៃឈើបានកាន់តែចំគោលដៅ និងផ្អែកលើព័ត៌មានច្បាស់លាស់។
ពីព័ត៌មានទៅជាសកម្មភាព
វគ្គបណ្តុះបណ្តាលទាំងបីនេះមិនមែនគ្រាន់តែជាការណែនាំអំពីបច្ចេកវិទ្យាថ្មីមួយប៉ុណ្ណោះទេ។ វាបានផ្តល់ជំនាញជាក់ស្តែងដល់សហគមន៍ និងបង្កើតយន្តការបន្តសម្រាប់ទទួលបានព័ត៌មានទាន់ពេលវេលាអំពីការរំខានព្រៃឈើដែលអាចកើតមាន។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល អ្នកចូលរួមបានរៀនប្រើប្រាស់ផែនទីឌីជីថល ទទួលការជូនដំណឹងតាមតេលេក្រាមប្រើប្រាស់ឯកសារ KML និងបកស្រាយទិន្នន័យជូនដំណឹងអំពីការរំខានព្រៃឈើ។ សហគមន៍ដែលបានចូលរួមក៏ទទួលបានការគាំទ្រក្នុងការបង្កើតតំបន់គោលដៅរបស់ខ្លួន ដើម្បីទទួលបានការជូនដំណឹងដែលផ្តោតលើតំបន់របស់ពួកគេ នៅពេលរកឃើញការរំខានដែលអាចកើតមាន។
បច្ចេកវិទ្យាផ្កាយរណបអាចបង្ហាញថា តើការផ្លាស់ប្តូរដែលអាចកើតមានកំពុងស្ថិតនៅទីណា ខណៈសហគមន៍ផ្តល់នូវ ចំណេះដឹងមូលដ្ឋាន និងវត្តមាននៅទីវាលដែលចាំបាច់សម្រាប់ស្វែងយល់ និងផ្ទៀងផ្ទាត់អ្វីដែលកំពុងកើតឡើងជាក់ស្តែង។ នៅពេលទិន្នន័យបើកទូលាយ និងព័ត៌មានទាន់ពេលវេលាអាចទៅដល់ដៃអ្នកដែលកំពុងការពារព្រៃឈើ ព័ត៌មានអាចត្រូវបានបំលែងទៅជាសកម្មភាព។
តាមរយៈវិធីសាស្ត្រនេះ អូឌីស៊ីមានគោលបំណងពង្រឹងសមត្ថភាពសហគមន៍ក្នុងការតាមដានព្រៃឈើ និងរួមចំណែកដល់ការការពារព្រៃឈើនៅកម្ពុជាដែលមានភាពទាន់ពេលវេលា ផ្អែកលើព័ត៌មាន និងដឹកនាំដោយសហគមន៍។







