ផ្ដើមចេញពីការយល់ដឹងឆ្ពោះទៅកាន់សកម្មភាពសហគមន៍៖ ការពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាននៅខេត្តព្រះវិហារ និងខេត្តកំពង់ធំក្នុងការឆ្លើយតបទៅនឹងព័ត៌មានក្លែងបន្លំ
សហគមន៍ជនបទនៅកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាព័ត៌មានក្លែងបន្លំនៅលើបណ្ដាញសង្គម។ បញ្ហានេះបានក្លាយជាកង្វល់ដ៏បន្ទាន់មួយនៅក្នុងសហគមន៍ ព្រោះសមាជិកសហគមន៍ភាគច្រើននៅខ្វះសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ កង្វះការយល់ដឹងនេះបានបើកផ្លូវឱ្យមានការបន្តការរីករាលដាលនៃមាតិកាមិនពិត និងបំភាន់។ វាមិនត្រឹមតែបង្កការថប់បារម្ភ ប៉ះពាល់ដល់ការសម្រេចចិត្ត បង្កើនភាពតានតឹង បំផ្លាញកេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចទៀតផង។ បញ្ហានេះត្រូវបានបង្ហាញយ៉ាងច្បាស់ជាពិសេសក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះព័ត៌មានក្លែងបន្លំជាច្រើនសន្ធឹកសន្ធាប់ត្រូវបានចែកចាយយ៉ាងទូលំទូលាយ។
មជ្ឈមណ្ឌលសិក្សាសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំប្រជាជននៅទីជនបទ។ ក្រោមការដឹកនាំដោយផ្ទាល់ពីសហគមន៍មូលដ្ឋាន មជ្ឈមណ្ឌលទាំងនេះផ្តល់នូវបរិយាកាសសិក្សាប្រកបដោយបរិយាបន្ន និងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសដើម្បីបើកទូលាយឱ្យសមាជិកសហគមន៍ទាំងអស់អាចទទួលបានការអប់រំក្រៅប្រព័ន្ធ ដែលជួយជំរុញការរៀនសូត្រពេញមួយជីវិត ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលទាំងនេះកម្រមានឱកាសបានពង្រឹងសមត្ថភាពលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (MIL) ផ្ទាល់ខ្លួនណាស់។ គម្លាតនេះធ្វើឱ្យសមាជិកសហគមន៍មូលដ្ឋានកាន់តែងាយរងគ្រោះដោយសារព័ត៌មានក្លែងបន្លំ។ ហេតុដូច្នេះហើយ ការកសាងសមត្ថភាពលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺជាកិច្ចការដ៏សំខាន់បំផុតក្នុងការការពារសហគមន៍មូលដ្ឋាន។
តើអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានឆ្លើយតបយ៉ាងណាចំពោះការរីករាលដាលនៃព័ត៌មានក្លែងបន្លំនៅតាមទីជនបទ?
ក្នុងឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងកម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដល់សមាជិកមជ្ឈមណ្ឌលសិក្សាសហគមន៍ និងនិស្សិតសាកលវិទ្យាល័យ ដោយផ្តោតខ្លាំងលើការទប់ស្កាត់ព័ត៌មានក្លែងបន្លំ។ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.) ដែលជាស្ថាប័នសម្របសម្រួលរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៍ វគ្គបណ្តុះបណ្តាលនេះបានណែនាំនូវឧបករណ៍ និងវិធីសាស្ត្រជាក់ស្តែង ដើម្បីជួយអ្នកចូលរួមការពារខ្លួន និងចៀសវាងការក្លាយជាជនរងគ្រោះនៃព័ត៌មានក្លែងបន្លំ។
ដោយដឹងថាព័ត៌មានក្លែងបន្លំកំពុងរីករាលដាល និងជះឥទ្ធិពលដល់ប្រជាជនគ្រប់ទីកន្លែងក្នុងសហគមន៍ យើងក៏បានបណ្តុះបណ្តាលអ្នកចូលរួមវគ្គឱ្យក្លាយជាជនបង្គោល ដើម្បីជួយសមាជិកដទៃទៀតក្នុងសហគមន៍រៀងៗខ្លួន ក្នុងការស្គាល់ និងទប់ស្កាត់ការចរាចរណ៍ព័ត៌មានក្លែងបន្លំផងដែរ។ វគ្គបណ្តុះបណ្តាលគ្រូបង្គោលចំនួនពីរដាច់ដោយឡែកពីគ្នា ត្រូវបានធ្វើឡើងនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់។ ក្នុងរយៈពេលពីរថ្ងៃនៃការបណ្តុះបណ្តាល អ្នកចូលរួមបានទទួលបានចំណេះដឹងពីមេរៀនជាច្រើន ដែលជួយបង្កើនទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំងក្នុងការដឹកនាំរៀបចំសិក្ខាសាលាសហគមន៍បន្តបន្ទាប់។ វិធីសាស្ត្របែបមានការចូលរួមផ្ទាល់ត្រូវបានយកមកប្រើប្រាស់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យអ្នកចូលរួមបានចូលរួមយ៉ាងសកម្មផ្ទាល់ក្នុងដំណើរការរៀនសូត្រ ដែលជួយបង្កើនលទ្ធផលនៃការយល់ដឹងរបស់ពួកគេឱ្យបានអតិបរមា។ កម្មវិធីសិក្សាជាច្រើនក៏ត្រូវបានចងក្រងឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យស្របតាមកម្រិតនៃការដឹងយល់ដឹងរបស់អ្នកចូលរួម ព្រមទាំងធានាថាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានត្រូវបានចែករំលែកដល់អ្នកចូលរួមទាំងអស់។ មេរៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖
- មេរៀនទី១៖ សេចក្ដីណែនាំអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
- មេរៀនទី២៖ តើអ្វីជាព័ត៌មានក្លែងបន្លំ?
- មេរៀនទី៣៖ វិធីសាស្ដ្រសម្គាល់ព័ត៌មានក្លែងបន្លំ
- មេរៀនទី៤៖ មាតិកាបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត និងឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់ផ្ទៀងផ្ទាត់ការពិត
- មេរៀនទី៥៖ ក្រមសីលធម៌នៅលើបណ្ដាញសង្គម
- មេរៀនទី៦៖ មូលដ្ឋាននៃការសម្របសម្រួល
តើកម្មវិធីបណ្តុះបណ្តាលនេះបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សហគមន៍មូលដ្ឋាន?
តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ សមាជិកមជ្ឈមណ្ឌលសិក្សាសហគមន៍បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកកសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ ជាពិសេសការទប់ទល់នឹងរលកព័ត៌មានក្លែងបន្លំដែលកំពុងកើនឡើង។ ការស្ទង់មតិដែលយើងបានធ្វើឡើងដើម្បីវាស់វែងការយល់ដឹងរបស់ពួកគេនៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំណេះដឹងទាក់ទងនឹងព័ត៌មាន ប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ ហានិភ័យ និងផលប៉ះពាល់ ការប្រើប្រាស់បណ្ដាញសង្គមដោយមានក្រមសីលធម៌ និងវិធីសាស្ត្រក្នុងការសម្គាល់ព័ត៌មានក្លែងបន្លំនៅលើបណ្ដាញសង្គម។
លោក ចន្ទ សេរីវុឌ្ឍី ដែលជាអ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងបច្ចុប្បន្នកំពុងបម្រើការងារជាអនុប្រធានការិយាល័យអប់រំស្រុកត្បែងមានជ័យ បានចែករំលែកក្នុងបទសម្ភាសន៍តាមដានដើម្បីវាយតម្លៃផលប៉ះពាល់គម្រោងថា «លោកទទួលបានចំណេះដឹងច្រើន» ពីវគ្គបណ្តុះបណ្តាលនេះ។
អ្នកសម្របសម្រួលមួយរូបសម្រាប់វគ្គបណ្តុះបណ្តាលនេះ មើលឃើញពីសារៈសំខាន់ជាពិសេសសម្រាប់សហគមន៍នៅតំបន់ជនបទ ព្រោះពួកគេកម្រនឹងមានឱកាសទទួលបានវគ្គបណ្តុះបណ្តាលប្រភេទនេះ ដែលពិតជាមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ លោក ស្រេង សារ៉ែន ដែលជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ បានបញ្ជាក់ថា «បើគ្មានកម្មវិធីបែបនេះទេ ពួកគេនឹងមិនមានឱកាសអភិវឌ្ឍជំនាញឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទេ។» ក្នុងអំឡុងពេលដែលមានជម្លោះព្រំដែនកម្ពុជា-ថៃ វគ្គបណ្ដុះបណ្ដាលនេះបានផ្តល់ឱកាសដ៏ល្អដល់អ្នកចូលរួម ដើម្បីទទួលបានចំណេះដឹងជាក់ស្ដែង និងមានអារម្មណ៍ធូរស្បើយ នៅពេលដែលព័ត៌មានក្លែងបន្លំជាច្រើនរបស់ភាគីទាំងពីរត្រូវបានផ្សព្វផ្សាយ។ លោក សារ៉ែន បានបន្ថែមថា «នៅពេលនោះ ព័ត៌មានក្លែងបន្លំ គឺជាបញ្ហាធ្ងន់ធ្ងរមួយ ហើយប្រជាជនមានការព្រួយបារម្ភ និងមិនប្រាកដ។»
វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់សមាជិកមជ្ឈមណ្ឌលសិក្សាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សព្វផ្សាយដល់ប្រជាជនដទៃទៀតក្នុងសហគមន៍ដែលគ្មានឱកាសបានចូលរួមផ្ទាល់ផងដែរ។ ក្រោមការគាំទ្រថវិកាខ្នាតតូច និងការសម្របសម្រួលពីអូឌីស៊ី ក្រុមគ្រូបង្គោលបាននាំយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅបំពាក់បំប៉នដល់សមាជិកសហគមន៍របស់ខ្លួន។ នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាល ពួកគេបានសហការគ្នារៀបចំសិក្ខាសាលាសហគមន៍ចំនួន ៤៧លើក នៅទូទាំងខេត្តទាំងពីរ ដោយមានអ្នកចូលរួមសរុបចំនួន ១,៩៦៩នាក់ ក្នុងនោះមានស្ត្រីចំនួន ១,១៩៦នាក់។ សិក្ខាសាលាសហគមន៍ទាំងនោះបានទាក់ទាញអ្នកចូលរួមពីមជ្ឈដ្ឋានផ្សេងៗគ្នានៅតាមមូលដ្ឋាន រួមមាន គ្រូបង្រៀន សិស្សានុសិស្សថ្នាក់ក្រោម និងថ្នាក់ឧត្តមសិក្សា អាណាព្យាបាលសិស្ស សមាជិកសហគមន៍ និងសមាជិកក្រុមប្រឹក្សាឃុំ។
ក្នុងសិក្ខាសាលាសហគមន៍ទាំងនេះ ជនបង្គោលរបស់យើងភាគច្រើនបានជ្រើសរើសបង្រៀនលើប្រធានបទវិធីសាស្ត្រសម្គាល់ ឬបែងចែកព័ត៌មានក្លែងបន្លំ ព្រោះពួកគេបានសង្កេតឃើញថាសមាជិកសហគមន៍ត្រូវការចំណេះដឹងនេះខ្លាំងជាងគេ។ បន្ទាប់មកគឺប្រធានបទក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម ពាក់ព័ន្ធនឹងព័ត៌មានក្លែងបន្លំ ហានិភ័យ និងប្រភេទផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ក្នុងបទសម្ភាសន៍បិទបញ្ចប់គម្រោង លោកស្រី ប៊ុត សុខលាន ដែលជាយុវជនបង្គោលមកពីមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ាលហាល បានចែករំលែកថា «សិស្សរបស់ខ្ញុំទទួលបានជំនាញដ៏មានតម្លៃក្នុងការមើលស្គាល់ព័ត៌មានក្លែងបន្លំ និងវិភាគភាពត្រឹមត្រូវនៃព័ត៌មាន តាមរយៈសិក្ខាសាលាដែលខ្ញុំបានសម្របសម្រួល។» លោកស្រីក៏បានកត់សម្គាល់ផងដែរថា សិក្ខាសាលាទាំងនេះ «បានជួយសិស្សរបស់ខ្ញុំឱ្យរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងការភ័យស្លន់ស្លោ» ដែលបង្កឡើងដោយការរីករាលដាលនៃព័ត៌មានក្លែងបន្លំក្នុងសហគមន៍របស់ពួកគេ។
ផ្អែកលើការសង្កេតរបស់អ្នកចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្នុងពេលធ្វើសិក្ខាសាលាសហគមន៍ គឺអ្នកចូលរួមបានប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយគ្នា និងបង្ហាញការចង់ដឹងចង់ឃើញយ៉ាងខ្លាំងចំពោះប្រធានបទទាំងនោះ។ លទ្ធផលនេះគឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់នូវអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (MIL) និងវិធីសាស្ត្របែបមានការចូលរួមផ្ទាល់ ដែលពួកគេបានស្ទាត់ជំនាញពីវគ្គបណ្តុះបណ្តាលរបស់យើង។ លោក វុឌ្ឍី បានពិពណ៌នាបទពិសោធន៍ពីគម្រោងទាំងមូលថា «មានន័យសម្រាប់គាត់ និងសហគមន៍របស់គាត់។» លោកបានបន្ថែមថា លោកនៅតែមានកម្លាំងចិត្តក្នុងការបន្តចែករំលែកនូវអ្វីដែលបានរៀន ព្រោះបញ្ហាព័ត៌មានក្លែងបន្លំនៅតែបន្តកើតមានក្នុងសហគមន៍របស់លោក។ បុគ្គលស្នូលម្នាក់ទៀត គឺលោកស្រី ប៉ុល ស៊ីណន ប្រធានមជ្ឈមណ្ឌលរៀនសូត្រពេញមួយជីវិតប៉ាលហាល បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចែករំលែកចំណេះដឹងពីវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ សូម្បីតែក្រោយពេលគម្រោងត្រូវបានបញ្ចប់ក៏ដោយ។ តាមរយៈការបំពាក់បំប៉នជំនាញចាំបាច់ និងការគាំទ្រឱ្យពួកគេអាចរៀបចំសិក្ខាសាលាសហគមន៍ទាំងនេះ គម្រោងបានជួយកសាងភាពធន់ដល់សហគមន៍មូលដ្ឋានក្នុងការទប់ទល់នឹងព័ត៌មានក្លែងបន្លំ ដែលជាលទ្ធផលអាចជួយកាត់បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃព័ត៌មានក្លែងបន្លំមកលើសហគមន៍ ពិសេសគឺក្រុមប្រជាពលរដ្ឋដែលខ្វះការយល់ដឹងគ្រប់គ្រាន់។



