លី ស្រីនាង៖ បទពិសោធន៍ និងចំណាប់អារម្មណ៍នៃការហាត់ការនៅអូឌីស៊ី

ស្រីនាង ក្នុងកម្ពុជា អាយស៊ីធីខែម ២០២៦
ខ្ញុំជានិស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជំនាញរបស់ខ្ញុំគ្របដណ្តប់លើប្រធានបទយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងធនធានធម្មជាតិ ដូចជា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព ការអភិរក្ស ការប្រើប្រាស់ដីធ្លី ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ច្បាប់ និងបទបញ្ញត្តិនានា តំបន់ការពារធម្មជាតិ ធនធានរ៉ែ ធនធានជលផល ការគ្រប់គ្រងតំបន់ឆ្នេរ ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ វិធីសាស្ត្រស្រាវជ្រាវ ព្រមទាំងការស្ដារ និងកែលម្អប្រព័ន្ធអេកូឡូស៊ីជាដើម។ កន្លងមក រាល់ពេលធ្វើកិច្ចការសាលា ឬការស្រាវជ្រាវបន្ថែម ទិន្នន័យភាគច្រើនដែលខ្ញុំប្រើប្រាស់ គឺតែងតែទាញយកដោយផ្ទាល់ពីគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
ខ្ញុំបានចាប់ផ្ដើមបទពិសោធន៍ធ្វើការជាអ្នកហាត់ការលើកដំបូងនៅអូឌីស៊ី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងផ្នែកបណ្ណាធិការ និងស្រាវជ្រាវ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឱកាសដ៏មានតម្លៃមួយនេះ។ អំឡុងពេលធ្វើការនៅទីនេះ ខ្ញុំបានរៀនសូត្រ និងទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតក្រៅពីថ្នាក់រៀន ព្រមទាំងបានពង្រឹងជំនាញស្រាវជ្រាវ និងការយល់ដឹងអំពីធនធានធម្មជាតិឱ្យកាន់តែស៊ីជម្រៅ។
រយៈពេល ៣ខែ ដែលខ្ញុំបានហាត់ការនៅអូឌីស៊ី គឺជាបទពិសោធន៍ដ៏មានតម្លៃបំផុត ដោយខ្ញុំទទួលបានចំណេះដឹងច្រើនជាងត្រឹមតែរឿងធនធានធម្មជាតិ។ តួនាទីប្រចាំថ្ងៃរបស់ខ្ញុំ គឺការអាន និងតាមដានព័ត៌មានថ្មីៗដើម្បីបង្ហោះលើគេហទំព័ររបស់អូឌីស៊ី ដែលកិច្ចការនេះបានជួយឱ្យខ្ញុំទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃ។ ទោះជាត្រូវធ្វើការងារប្រចាំថ្ងៃដដែលៗក៏ដោយ ក៏ខ្ញុំមិនដែលមានអារម្មណ៍ធុញទ្រាន់ឡើយ ព្រោះតែចិត្តស្រឡាញ់ ការចង់ចេះចង់ដឹងអំពីបញ្ហាសង្គម និងការអភិវឌ្ឍ ព្រមទាំងបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការរៀនសូត្រ។ ការរៀនសូត្រជាប្រចាំរៀងរាល់ថ្ងៃ គឺជាគោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងការអភិវឌ្ឍសមត្ថភាព និងរួមចំណែកដល់ការរីកចម្រើននៃសង្គមជាតិ។
ជាមួយគ្នានេះដែរ ខ្ញុំបានសរសេរអត្ថបទប្រធានបទស្រាវជ្រាវមួយស្ដីអំពី «ប្រព័ន្ធអេកូឡូស៊ី»។ តាមរយៈកិច្ចការនេះ ខ្ញុំបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃប្រព័ន្ធអេកូឡូស៊ី និងសារសំខាន់របស់វាចំពោះភពផែនដី។ ដោយសារតែខ្ញុំត្រូវរៀបចំអត្ថបទនេះជាភាសាខ្មែរ និងភាសាអង់គ្លេស វាបានក្លាយជាឱកាសដ៏ល្អក្នុងការអភិវឌ្ឍជំនាញសរសេរ និងពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់ខ្ញុំបន្ថែមទៀត។ លើសពីនេះ ខ្ញុំបានរៀនសូត្រពីជំនាញអនុវត្តជាក់ស្ដែង ដូចជា ការស្រាវជ្រាវ វិធីសាស្ត្រប្រមូលទិន្នន័យ ការដកស្រង់ប្រភព និងការរក្សាអត្ថន័យដើមនៃព័ត៌មាន។ ក្រៅពីនេះ ខ្ញុំក៏បានសរសេរមាតិកាខ្លីៗចំនួន ១០ អំពីព្រៃឈើ ដោយផ្នែកមួយបានលើកឡើងពីជំនឿមិនត្រឹមត្រូវ និងការយល់ខុសជាទូទៅកន្លងមក ហើយផ្នែកមួយទៀតបានបកស្រាយកែប្រែការយល់ខុសទាំងនោះ ឱ្យមកត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ និងភាពជាក់ស្ដែងវិញ។ ការសរសេរមាតិកាទាំងនេះ បានជួយកែប្រែការយល់ខុសកន្លងមករបស់ខ្ញុំផ្ទាល់ ពង្រីកចំណេះដឹងអំពីព្រៃឈើឱ្យកាន់តែស៊ីជម្រៅ និងបានចែករំលែកចំណេះដឹងដែលមានប្រយោជន៍ទាំងនេះទៅកាន់សាធារណជន។
បន្ថែមពីនេះទៅទៀត អូឌីស៊ីបានផ្ដល់ឱកាសឱ្យខ្ញុំបានចូលរួមក្នុងកម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ ក្នុងនាមជាអ្នកស្ម័គ្រចិត្ត និងបានចូលរួមចំណែករៀបចំកម្មវិធីនេះរហូតទទួលបានជោគជ័យ។ ខ្ញុំបានជួយគាំទ្រក្រុមការងារភស្តុភារ លើការរៀបចំដឹកជញ្ជូន និងសម្ភារៈ។ ខ្ញុំ និងក្រុមការងារបានផ្តោតសំខាន់លើការចែកសម្ភារជូនអ្នកចូលរួមទាំងអស់ ដូចជា កាបូប ប័ណ្ណសម្គាល់ខ្លួន អាវ រៀបចំបញ្ជីឈ្មោះចុះវត្តមានប្រចាំថ្ងៃ ទទួលខុសត្រូវលើប័ណ្ណអាហារ ព្រមទាំងប្រចាំការជួយសម្រួលដល់អ្នកចូលរួម និងរៀបចំតាមបន្ទប់ពិភាក្សាក្រុមនានា។ មិនត្រឹមតែបានរួមចំណែករៀបចំកម្មវិធីប៉ុណ្ណោះទេ ខ្ញុំថែមទាំងបានរៀនសូត្រយ៉ាងច្រើនពីគ្រប់វគ្គសិក្សា ដែលវាគ្មិនជាតិ និងអន្តរជាតិបានចែករំលែក អំពីបញ្ញាសិប្បនិម្មិត សុវត្ថិភាពឌីជីថល សិទ្ធិ និងការទទួលបានព័ត៌មានជាដើម។ ក្រៅពីការងារភស្តុភារ ខ្ញុំក៏បានសរសេរប្លុកមួយស្ដីពី «ទិដ្ឋភាពសំខាន់ៗនៃថ្ងៃទី២ នៃកម្ពុជា អាយស៊ីធីខែម ២០២៦» ដែលត្រូវបានដាក់បណ្ចូលទៅលើគេហទំព័រផងដែរ។

អានអំពីស្រីនាងនៅទីនេះ
ក្នុងអំឡុងពេលហាត់ការរយៈពេល ៣ខែនៅអូឌីស៊ី ខ្ញុំមិនត្រឹមតែទទួលបានចំណេះដឹង និងបទពិសោធន៍ការងារប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ការណែនាំប្រកបដោយការយកចិត្តទុកដាក់ និងការគោរពគ្នាតាមបែបវិជ្ជាជីវៈពីសំណាក់ក្រុមការងារទាំងមូល។ ខ្ញុំតែងតែទទួលបាននូវដំបូន្មានល្អៗ និងការយកចិត្តទុកដាក់ពីក្រុមការងារមកលើរូបខ្ញុំ និងអ្នកហាត់ការដទៃទៀត ដែលធ្វើឱ្យពួកយើងមិនដែលមានសម្ពាធក្នុងការងារឡើយ។ ខ្ញុំបានតាំងចិត្តយ៉ាងមុតមាំក្នុងការយកក្រុមការងារអូឌីស៊ីធ្វើជាគំរូល្អសម្រាប់ខ្លួនឯង ទាំងអាកប្បកិរិយាក្នុងការងារ ចំណេះដឹង ការខិតខំប្រឹងប្រែងធ្វើការងារ និងស្មារតីសហការជាក្រុម។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអូឌីស៊ី ដែលបានផ្ដល់ឱកាសដ៏វិសេសវិសាលនេះដល់រូបខ្ញុំក្នុងរយៈពេល ៣ខែនេះ។ បទពិសោធន៍ និងចំណេះដឹងដែលខ្ញុំទទួលបានពីអូឌីស៊ី នឹងក្លាយជាគ្រឹះយ៉ាងសំខាន់សម្រាប់ការសិក្សា និងមាគ៌ាអាជីពរបស់ខ្ញុំនាពេលអនាគត។ ខ្ញុំសូមជូនពរឱ្យអូឌីស៊ីទទួលបាននូវភាពជោគជ័យ និងការរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត។ អូឌីស៊ី ពិតជាស្ថាប័នដ៏ល្អប្រសើរមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសមានន័យដល់យុវជន ក្នុងការចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិ។ សូមអរគុណ!


