អូ​ឌី​ស៊ី​ ចូលរួម​ក្នុង​ វេទិកា​បណ្តាញ​ធនាគារ​ខួរក្បាល​អាស៊ី​ និង​សមាគម​អាជីវកម្ម​ ឆ្នាំ​២០២៦

រូបភាពជាក្រុមក្នុងវេទិកា​ BA-ATTN ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​២៣-២៤​ ខែតុលា​ ឆ្នាំ​២០២៦​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​/​ប្រធាន​គ្រប់គ្រង​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​ «​វេទិកា​បណ្តាញ​ធនាគារ​ខួរក្បាល​អាស៊ី​ និង​សមាគម​អាជីវកម្ម​ (​វេទិកា​ BA-ATTN)​ ឆ្នាំ​២០២៦»​ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សហគ្រាស​ឯកជន​អន្តរជាតិ​ (CIPE)​ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​។​ ក្រោម​ប្រធានបទ​ «​សន្តិសុខ​សេដ្ឋកិច្ច​ក្នុង​យុគសម័យ​នៃ​ការ​ផ្លាស់​ប្តូរ​ភូមិសាស្ត្រ​សេដ្ឋកិច្ច​»​ វេទិកា​នេះ​បាន​ប្រមូលផ្តុំ​ដៃគូ​បណ្តាញ​ធនាគារ​ខួរក្បាល​អាស៊ី​របស់​ CIPE​ ព្រមទាំង​សមាគម​អាជីវកម្ម​ និង​សភាពាណិជ្ជកម្ម​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ស្វែងរក​ការ​កែទម្រង់​តម្រង់​ទិស​ទីផ្សារ​ សំដៅ​កាត់​បន្ថយ​បញ្ហា​ប្រឈម​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ពង្រឹង​តម្លាភាព​ និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​ ព្រមទាំង​លើកកម្ពស់​សន្តិសុខ​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

​កិច្ច​ពិភាក្សា​ទី​៣​ –​ បា​រ៉ូ​ម៉ែត្រ​អាជីវកម្ម​ ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​៖​ នៅ​ថ្ងៃ​ទី​មួយ​នៃ​វេទិកា​ ឡាយ​ហេង​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ទី​៣​ ដែល​ផ្តោត​លើ​ការ​បោះពុម្ពផ្សាយ​សម្រាប់​វិស័យ​អាជីវកម្ម​ ដោយ​ពិនិត្យ​មើល​បញ្ហា​ប្រឈម​ផ្នែក​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ បទ​ប្បញ្ញត្តិ​ អភិបាលកិច្ច​ និង​ការ​ប្រកួតប្រជែង​នៅ​កម្ពុជា​ ឥណ្ឌូ​ណេ​ស៊ី​ ឡាវ​ និង​ហ្វី​លី​ពី​ន​ ហើយ​ប្រទេស​នីមួយៗ​បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​បឋម​របស់​ខ្លួន​។​ ក្នុង​នាម​ជា​តំណាង​ឱ្យ​កម្ពុជា​ ឡាយ​ហេង​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​បី​នៃ​លទ្ធផល​ស្រាវជ្រាវ​បឋម​ រួម​មាន​៖​ (១)​ បរិបទ​សេដ្ឋកិច្ច​នយោបាយ​ និង​ទិដ្ឋភាព​អភិបាលកិច្ច​ (២)​ ភាព​បើក​ទូលាយ​នៃ​ទីផ្សារ​ ការ​ប្រកួតប្រជែង​ និង​បញ្ហា​ប្រឈម​តាម​វិស័យ​ និង​ (៣)​ ការ​កែទម្រង់​ អភិបាលកិច្ច​បែប​ចូលរួម​ និង​អនុសាសន៍​ផ្សេងៗ​។​ កិច្ច​ពិភាក្សា​នេះ​បាន​ជួយ​ឱ្យ​អ្នកចូលរួម​មើលឃើញ​ច្បាស់​ពី​បញ្ហា​ប្រឈម​រួម​ និង​បញ្ហា​ប្រឈម​ដោយឡែក​របស់​ប្រទេស​នីមួយៗ​ ព្រមទាំង​ឱកាស​សម្រាប់​វិស័យ​ឯកជន​ ការ​តស៊ូ​មតិ​ កិច្ច​សន្ទនា​គោលនយោបាយ​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​។​

​វគ្គ​បណ្តុះបណ្តាល​ និង​ជំនួប​ពិភាក្សា​នៃ​បណ្តាញ​ធនាគារ​ខួរក្បាល​អាស៊ី​៖​ ដោយសារ​អូ​ឌី​ស៊ី​ផ្តោត​លើ​ការ​បញ្ជ្រាប​ទិន្នន័យ​បើក​ទូលាយ​ទៅ​ក្នុង​កិច្ចការ​អភិវឌ្ឍ​សង្គម​ គោលនយោបាយ​ និង​ការ​ស្រាវជ្រាវ​ អូ​ឌី​ស៊ី​បាន​ក្លាយជា​សមាជិក​ក្នុង​បណ្តាញ​នេះ​ ដែល​ជា​វេទិកា​សិក្សា​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​ដៃគូ​ឆ្លង​ប្រទេស​ សម្រាប់​កិច្ច​សន្ទនា​គោលនយោបាយ​ កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ និង​ការ​កែទម្រង់​តម្រង់​ទិស​ទីផ្សារ​។​ វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធសាស្ត្រ​ បាន​ជួយ​ពង្រឹង​ជំនាញ​របស់​ឡាយ​ហេង​ក្នុង​ការ​បកប្រែ​ និង​សម្របសម្រួល​ទិន្នន័យ​ស្រាវជ្រាវ​ ដើម្បី​ឱ្យ​ឈាន​ទៅ​ដល់​ក្រុម​គោលដៅ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​គាំទ្រ​ដល់​ការ​ធ្វើការ​សម្រេចចិត្ត​។​ បន្ថែម​ពីលើ​នេះ​ ជំនួប​ពិភាក្សា​បាន​ផ្តល់​ឱកាស​ឱ្យ​ឡាយ​ហេង​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៃ​សហគមន៍​បណ្តាញ​ធនាគារ​ខួរក្បាល​អាស៊ី​ ដើម្បី​ស្វែងរក​បណ្តាញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ជាមួយ​អូ​ឌី​ស៊ី​នា​ពេល​អនាគត​។​

ការ​ចូលរួម​របស់​ឡាយ​ហេង​ក្នុង​វេទិកា​នេះ​ បាន​ផ្តល់​ឱកាស​ក្នុង​ការ​គូសបញ្ជាក់​ពី​តួនាទី​យ៉ាង​សំខាន់​នៃ​ការ​ភ្ជាប់​ទិន្នន័យ​បើក​ទូលាយ​ ទៅ​នឹង​ការ​ពង្រឹង​បរិយាកាស​ធុរកិច្ច​ ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តួនាទី​ដ៏​សំខាន់​នេះ​ អូ​ឌី​ស៊ី​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ប្រមូល​ធាតុ​ចូល​សម្រាប់​ការ​ស្រាវជ្រាវ​ស្តី​ពី​ការ​វិនិយោគ​បរទេស​ និង​ការ​លើកទឹកចិត្ត​វិនិយោគ​នៅ​កម្ពុជា​។​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ CIPE​ ដែល​បាន​គាំទ្រ​ និង​អញ្ជើញ​អូ​ឌី​ស៊ី​ឱ្យ​ចូលរួម​ក្នុង​វេទិកា​នេះ​ ហើយ​យើងខ្ញុំ​ទន្ទឹងរង់ចាំ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ​រវាង​អូ​ឌី​ស៊ី​ និង​ CIPE​ នា​ពេល​ខាង​មុខ​។​

«​នាង​ខ្ញុំ​មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​ជា​វាគ្មិន​ និង​ជា​សមាជិក​បណ្តាញ​ ដើម្បី​ពិភាក្សា​អំពី​ទិដ្ឋភាព​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​រៀនសូត្រ​ពី​បណ្តា​សេដ្ឋកិច្ច​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ការ​ចូលរួម​នេះ​បាន​ធ្វើ​ឱ្យ​នាង​ខ្ញុំ​យល់​ឃើញ​ថា​ បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មាន​បរិបទ​ស្រ​ដៀង​គ្នា​ ប៉ុន្តែ​ក៏​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​តាម​ប្រទេស​នីមួយៗ​ ដោយ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​រួម​មួយ​ចំនួន​។​ ដូច្នេះ​ ការ​បង្កើត​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឱ្យ​បាន​កាន់តែ​ច្រើន​ គឺជា​រឿង​ដែល​ចាំបាច់​បំផុត​»​។​ –​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​/​ប្រធាន​គ្រប់គ្រង​ នៃ​អូ​ឌី​ស៊ី​។