សិក្ខាសាលា​ពិគ្រោះ​យោបល់​ប្រមូល​ធាតុ​ចូល​សម្រាប់​ការ​ស្រាវជ្រាវ​ស្ដី​ពី​ការ​វិនិយោគ​បរទេស​ និង​ការ​លើកទឹកចិត្ត​វិនិយោគ​នៅ​កម្ពុជា​

កាលពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ដោយ​មានការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​សហគ្រាស​ឯកជន​អន្តរជាតិ​ (CIPE)​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​នៅ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ (AmCham)​ សម្រាប់​គម្រោង​ថ្មី​របស់​ខ្លួន​ស្តី​ពី​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​កែទម្រង់​បរិយាកាស​វិនិយោគ​។​ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​តំណាង​ចំនួន​ ១៣​ រូប​ មក​ពី​វិស័យ​ឯកជន​ អង្គការ​សង្គម​ស៊ី​វិល​ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដទៃ​ទៀត​ ដើម្បី​ផ្តល់​ធាតុ​ចូល​សម្រាប់​ការ​ស្រាវជ្រាវ​នា​ពេល​ខាង​មុខ​របស់​អូ​ឌី​ស៊ី​ ដែល​ផ្តោត​លើ​អ្នក​វិនិយោគ​បរទេស​ និង​ការ​បង្កើត​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​លើកទឹកចិត្ត​វិនិយោគ​។​ ដោយសារ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាំងពី​ដំណាក់កាល​ដំបូង​នៃ​គម្រោង​ វា​បាន​ផ្តល់​ឱកាស​យ៉ាង​សំខាន់​ដល់​អូ​ឌី​ស៊ីក្នុង​ការ​ប្រមូល​ទស្សនៈ​ពី​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ធានា​ថា​ទាំង​ការ​ស្រាវជ្រាវ​ និង​ការ​បង្កើត​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​ ពិតជា​ឆ្លើយ​តប​ចំ​គោលដៅ​ និង​តម្រូវការ​ជាក់ស្តែង​។​

​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​នេះ​ គឺ​ការ​ស្រាវជ្រាវ​ស៊ីជម្រៅ​អំពី​បទ​ពិសោធន៍​របស់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា​។​ ការ​ស្រាវជ្រាវ​នេះ​នឹង​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​ការ​ទទួល​បាន​ព័ត៌មាន​របស់​អ្នក​វិនិយោគ​ ការ​យល់​ដឹង​អំពី​ការ​លើកទឹកចិត្ត​វិនិយោគ​ បទ​ពិសោធន៍​ក្នុង​ការ​អនុវត្ត​តាម​ក្របខ័ណ្ឌ​ច្បាប់​វិនិយោគ​ និង​បញ្ហា​ប្រឈម​នានា​ដែល​ពួក​គេ​អាច​នឹង​ជួប​ប្រទះ​នៅ​ពេល​ចាប់ផ្តើម​ ឬ​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​។​ អូ​ឌី​ស៊ី​នឹង​ធ្វើ​បទ​សម្ភាសន៍​ស៊ីជម្រៅ​ជាមួយ​អ្នក​វិនិយោគ​បរទេស​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​ មតិយោបល់​ដែល​ទទួល​បាន​ពី​ការពិគ្រោះ​យោបល់​នេះ​ នឹង​ជួយ​អូ​ឌី​ស៊ី​ឱ្យ​កំណត់​បាន​នូវ​វិស័យ​អាទិភាព​ និង​បុគ្គល​គោលដៅ​ ព្រមទាំង​ជួយ​សម្រួច​សំណួរ​ស្រាវជ្រាវ​ និង​ស្វែងរក​ប្រភព​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​បាន​កាន់តែ​ច្បាស់លាស់​។​

​សិក្ខាសាលា​នេះ​ក៏​បាន​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ក្នុង​ការ​ចែករំលែក​ទស្សនៈ​ជុំវិញ​ភាព​សំបូរ​បែប​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​ការ​លើកទឹកចិត្ត​វិនិយោគ​ផង​ដែរ​។​ ធាតុ​ចូល​ទាំងនេះ​នឹង​ជួយ​ធានា​ថា​ ការ​ស្រាវជ្រាវ​នេះ​ពិតជា​អាច​ដោះស្រាយ​បញ្ហា​កង្វះខាត​ព័ត៌មាន​ និង​ឆ្លុះ​បញ្ចាំង​យ៉ាង​ពិតប្រាកដ​ពី​បទ​ពិសោធន៍​របស់​អ្នក​ដែល​កំពុង​ប្រឡូក​ក្នុង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។​ វគ្គ​ទី​ពីរ​នៃ​សិក្ខាសាលា​ គឺ​បាន​ផ្តោត​ទៅ​លើ​ផែនការ​របស់​អូ​ឌី​ស៊ីក្នុង​ការ​អភិវឌ្ឍ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​លើកទឹកចិត្ត​វិនិយោគ​។​ នៅ​ក្នុង​វគ្គ​នេះ​ អូ​ឌី​ស៊ី​បាន​ណែនាំ​អំពី​ទម្រង់​ទូទៅ​នៃ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​ និង​បាន​អញ្ជើញ​អ្នកចូលរួម​ឱ្យ​ពិភាក្សា​ថា​តើ​ព័ត៌មាន​ ទិន្នន័យ​ ការ​វិភាគ​ផ្លូវច្បាប់​ និង​មុខងារ​ងាយស្រួល​ប្រើប្រាស់​បែប​ណាខ្លះ​ ដែល​គួរ​មាន​ ដើម្បី​ធ្វើ​ឱ្យ​ទំព័រ​នេះ​កាន់តែ​មាន​ប្រយោជន៍​សម្រាប់​អ្នក​អាន​គ្រប់​មជ្ឈដ្ឋាន​។​ ទំព័រ​ព័ត៌មាន​ទិន្នន័យ​ដែល​គ្រោង​នឹង​បង្កើត​នេះ​ មាន​គោលបំណង​ផ្តល់​នូវ​ព័ត៌មាន​ដែល​ងាយស្រួល​យល់​សម្រាប់​អ្នក​វិនិយោគ​ ម្ចាស់​អាជីវកម្ម​ អង្គការ​សង្គម​ស៊ី​វិល​ អ្នក​ស្រាវជ្រាវ​ អ្នក​តាក់តែង​គោលនយោបាយ​ និង​សាធារណជន​ទូទៅ​។​ អ្នកចូលរួម​បាន​ផ្តល់​គំនិតល្អៗ​ជា​ច្រើន​អំពី​ប្រភេទ​ព័ត៌មាន​ដែល​គួរតែ​ដាក់​បង្ហាញ​ ព្រមទាំង​យន្តការ​ដែល​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​អាច​ជួយ​ឱ្យ​ព័ត៌មាន​នៃ​ការ​លើកទឹកចិត្ត​វិនិយោគ​កាន់តែ​ងាយស្រួល​យល់​ និង​ងាយស្រួល​ស្វែងរក​។​ រាល់​មតិយោបល់​របស់​ពួក​គេ​ រួម​ទាំង​ការ​កំណត់​វិសាលភាព​ ខ្លឹមសារ​ របៀប​នៃ​ការ​បង្ហាញ​ទិន្នន័យ​ និង​មុខងារ​អន្តរ​កម្ម​នានា​ នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រចនា​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

សិក្ខាសាលា​នេះ​គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ធំ​ទូលាយ​របស់​អូ​ឌី​ស៊ី​ ដើម្បី​លើកកម្ពស់​តម្លាភាព​ ភាព​ច្បាស់លាស់​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​លើកទឹកចិត្ត​វិនិយោគ​នៅ​កម្ពុជា​។​ តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​តាំងពី​មុន​ពេល​ចាប់ផ្តើម​ការ​ស្រាវជ្រាវ​ អូ​ឌី​ស៊ី​មាន​គោលបំណង​ធានា​ថា​ សំណួរ​ស្រាវជ្រាវ​ និង​ព័ត៌មាន​ដែល​ប្រមូល​បាន​ ពិតជា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ស្ថានភាព​ជាក់ស្តែង​។​ លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ស្រាវជ្រាវ​នេះ​ រួម​ជាមួយនឹង​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ នឹង​ក្លាយជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​លើកទឹកចិត្ត​វិនិយោគ​ និង​ជួយ​ធ្វើ​ឱ្យ​ព័ត៌មាន​សំខាន់ៗ​ទាំងនេះ​កាន់តែ​ងាយស្រួល​ចូល​មើល​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ​។​

​អូ​ឌី​ស៊ី​នឹង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ពេញ​មួយ​ដំណើរការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​នេះ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​ផ្តល់​ព័ត៌មាន​ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ ងាយស្រួល​ចូល​មើល​ និង​តម្រង់​ទិស​តាម​អ្នក​ប្រើប្រាស់​ ជុំវិញ​ការ​លើកទឹកចិត្ត​ និង​បរិយាកាស​វិនិយោគ​ទូទៅ​នៅ​កម្ពុជា​។​