សេចក្តីប្រកាសព័ត៌មានស្តីពី ដំណាក់កាល និងនីតិវិធីនៃយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ

កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៧​ គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជូនដំណឹង​ដល់​ពលករ​កម្ពុជា​ធ្វើការ​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាលថៃ​នឹង​សម្រួល​ឲ្យ​មាន​យន្តការ​ផ្តល់​ភាព​ស្របច្បាប់​ ទៅ​តាម​ដំណាក់កាល​ និង​នីតិវិធី​ដូច​ខាងក្រោម​៖

  • ​ដំណាក់កាល​ទី​១៖​ ចាប់ពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៧​ គឺជា​ដំណាក់កាល​សម្រាប់​និយោជក​ថៃ​ទៅ​ចុះ​ឈ្មោះ​ពលករ​កម្ពុជា​មិន​ស្របច្បាប់​ ដែល​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ ជាមួយ​មន្ត្រី​ក្រសួង​ការងារ​ថៃ​ នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស​ ទាំង​៩៧​ការិយាល័យ​។​
  • ​ដំណាក់កាល​ទី​២៖​ ចាប់ពី​ថ្ងៃ​ទី​០៨​ ខែសីហា​ ដល់​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​ គឺជា​ដំណាក់កាល​សម្រាប់​ពលករ​កម្ពុជា​ទៅ​បង្ហាញខ្លួន​នៅ​ការិយាល័យ​ ទាំង​៩៧​នោះ​។​
  • ​ដំណាក់កាល​ទី​៣៖​ ចាប់ពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​ គឺជា​ដំណាក់កាល​ ដែល​ពលករ​កម្ពុជា​ត្រូវ​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ​ ស្នើ​សុំ​ Stay​ Permit​ និង​ Work​ Permit​ ពី​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ មន្ត្រី​អន្តោប្រវេសន៍​ថៃ​ និង​មន្ត្រី​ក្រសួង​ការងារ​ថៃ​។​ ក្នុង​ដំណាក់កាល​នេះ​ ពលករ​មិន​ត្រូវ​ផ្លាស់​ប្តូរ​និយោជក​ ឬ​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​និយោជក​ និង​ក្រសួង​ការងារ​ថៃ​នោះ​ឡើយ​។​

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf