សេចក្តីប្រកាសព័ត៌មានស្តីពី ដំណាក់កាល និងនីតិវិធីនៃយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជូនដំណឹងដល់ពលករកម្ពុជាធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃឲ្យដឹងថា រដ្ឋាភិបាលថៃនឹងសម្រួលឲ្យមានយន្តការផ្តល់ភាពស្របច្បាប់ ទៅតាមដំណាក់កាល និងនីតិវិធីដូចខាងក្រោម៖
- ដំណាក់កាលទី១៖ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ គឺជាដំណាក់កាលសម្រាប់និយោជកថៃទៅចុះឈ្មោះពលករកម្ពុជាមិនស្របច្បាប់ ដែលកំពុងធ្វើការនៅក្នុងរោងចក្រសហគ្រាសរបស់ខ្លួន ជាមួយមន្ត្រីក្រសួងការងារថៃ នៅការិយាល័យស្រង់ទិន្នន័យពលករបរទេស ទាំង៩៧ការិយាល័យ។
- ដំណាក់កាលទី២៖ ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាដំណាក់កាលសម្រាប់ពលករកម្ពុជាទៅបង្ហាញខ្លួននៅការិយាល័យ ទាំង៩៧នោះ។
- ដំណាក់កាលទី៣៖ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ គឺជាដំណាក់កាល ដែលពលករកម្ពុជាត្រូវធ្វើការបញ្ជាក់អត្តសញ្ញាណ ស្នើសុំ Stay Permit និង Work Permit ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ មន្ត្រីអន្តោប្រវេសន៍ថៃ និងមន្ត្រីក្រសួងការងារថៃ។ ក្នុងដំណាក់កាលនេះ ពលករមិនត្រូវផ្លាស់ប្តូរនិយោជក ឬឈប់ដោយគ្មានការអនុញ្ញាតពីនិយោជក និងក្រសួងការងារថៃនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា