សេចក្ដីថ្លែងការណ៍រួមស្ដីពីការជម្រុញរបស់យុវជនបរិស្ថាន លើការយកចិត្តទុកដាក់ និងចូលរួមជាសកម្មភាពបន្ថែមទៀតក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ អង្គការ សមាគម និងយុវជនបរិស្ថាន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ស្នើឱ្យរាជរដ្ឋាភិបាល វិស័យឯកជន យុវជន និងសាធារណៈជនទូទៅ ចូលរួមបន្ថែមទៀត ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការការពារបរិស្ថាន និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុស៊ីតទៅក្នុងបរិយាកាស។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ពួកគាត់បានបង្ហាញពីការព្រួយបារម្ភចំពោះការទទួលរងឥទ្ធិពលអវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុមកលើប្រទេសកម្ពុជា ដែលបង្កផលប៉ះពាល់ដល់សុខភាព ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា ជាពិសេសវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិ ការបំពុលទន្លេ និងសមុទ្រពីគម្រោងអភិវឌ្ឍន៍ និងការគ្រប់គ្រងសំណល់មិនត្រឹមត្រូវ បានបង្កការប៉ះពាល់ដល់បរិស្ថាន និងរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ និងរក្សាភាពធន់ទល់នឹងការប្រែប្រួលអាកាសធាតុរបស់ប្រជាពលរដ្ឋកម្ពុជា។ សេចក្ដីថ្លែងការណ៍ក៏បានសំណូមពរឱ្យរាជរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ តាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន បញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច បង្កើនកញ្ចប់ថវិកាសម្រាប់ការអប់រំទាក់ទងនឹងបរិស្ថាន បង្កើតរោងចក្រកែច្នៃសំរាម និងបង្កើតគោលនយោបាយតំឡើងពន្ធលើប្លាស្ទិក។ យ៉ាងណាមិញ ពួកគាត់ក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតតំបន់ការពារ និងដែនជម្រកសត្វព្រៃ ការការពារធនធនធានធម្មជាតិ និងបង្កើនការវិនិយោគលើថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ ទន្ទឹមនឹងនេះដែរ ពួកគាត់ក៏បានសំណូមពរទៅវិស័យឯកជនឱ្យបន្ថែមការយកចិត្តទុកដាក់លើទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន ហើយក៏បានស្នើទៅអង្គការសង្គមស៊ីវិលឱ្យបង្កើនថវិកា និងសកម្មភាពក្នុងកិច្ចការពារបរិស្ថាន។ ជាចុងក្រោយ ពួកគាត់ក៏បានអំពាវនាវដល់យុវជន និងសាធារណៈជនទូទៅ ឱ្យចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបង្កើនការប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ។
បណ្ដាញយុវជនកម្ពុជា