ការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ
នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្ដីពី ការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ ៧ មករា នៃរាជធានីភ្នំពេញ។
កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងអំពី យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកសរុបចំនួន ៣៩ ទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សម្រាប់ដុំទី ១ ប៉ុន្តែដោយមើលឃើញថា អាណាព្យាបាលបាននាំបុត្រធីតា និងសាច់ញាតិរបស់ខ្លួន មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួនយ៉ាងច្រើនកោះករ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងបន្ថែមទីតាំងចាក់វ៉ាក់សាំងមួយទៀត នៅក្នុងភូមិសាស្ត្រខណ្ឌ ៧ មករា ដែលស្ថិតនៅមន្ទីរសម្រាកព្យាបាលអូឡាំព្យា មេឌីខល។
រដ្ឋបាលរាជធានីភ្នំពេញ