សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) សម្រាប់ជំនួយដល់សិស្សានុសិស្ស
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលបានផ្អាក ការសិក្សាជា បណ្ដោះអាសន្ននៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាសម្រាប់សិស្សានុសិស្សដទៃទៀតដែលមានបំណងទទួលការបំប៉នបន្ថែម។
ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning)” ដោយឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន០៦ ដែលអាចឱ្យប្អូនៗសិស្សានុសិស្សទាំងអស់អាចសិក្សាដោយខ្លួនឯងបាននៅលើ បណ្ដាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិករបស់ក្រសួង។ មុខវិជ្ជាឯកទេសបង្រៀនទាំង០៦ រួមមាន៖ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ។ ក្រសួងនឹងដាក់ឱ្យដំណើរការកម្មវិធីបង្រៀនតាមអេឡិចត្រូនិកនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ តទៅ ដោយសិស្សានុសិស្សអាចសិក្សាបានតាមរយៈមធ្យោបាយដូចខាងក្រោម៖
- បណ្ដាញ YouTube ផ្លូវការរបស់ក្រសួង៖ www.youtube.com/moeys
- ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង៖ www.facebook.com/moeys.gov.kh ដែលនឹងធ្វើការផ្សព្វផ្សាយ ជារៀងរាល់ថ្ងៃ ដោយពេលព្រឹកសម្រាប់ថ្នាក់ទី៩ និងពេលរសៀលសម្រាប់ថ្នាក់ទី ១២
- មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង៖ elearning.moeys.gov.kh ដោយសិស្សានុសិស្សអាច ចូលទៅសិក្សាបានដោយចូលទៅជ្រើសរើសវគ្គសិក្សា ឬមេរៀនដែលត្រូវសិក្សាដោយឥតគិតថ្លៃ និងមិនចាំ បាច់ចុះឈ្មោះ (ចូលជាភ្ញៀវ)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សចូលរួមជំរុញ លើកទឹកចិត្តប្អូនៗសិស្សានុសិស្សទាំងអស់ ជាពិសេសផ្តល់លក្ខខណ្ឌអំណោយផល ដើម្បីអាចបន្តសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិកបានជាប្រចាំដោយចូលទៅក្នុងគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមដែលបានផ្តល់ជូនខាងលើ តាមការគួរ។
ក្រសួងអប់រំ យុវជន និងកីឡា