សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលលើវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ១៩ (COVID-19) និងជំងឺឆ្លងផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយលើវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ ក្នុងសេចក្តីប្រកាសនេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្តបុគ្គលដែលសង្ស័យសរុបចំនួន១៣៥នាក់ គិតមកត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ តែមិនមានរកឃើញអ្នកណាម្នាក់មានវីរុសកូវីដ១៩ (COVID-19)នោះឡើយ។ ក្រសួងបានបញ្ជាក់ទៀតថា ពុំមានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩(COVID–19) នោះទេ។ ក្រសួងសុខាភិបាលបានអនុរត្តនូវវិធានការចាំបាច់ ស្របតាមគោលការណ៍ណែនាំនិងស្តង់ដាប្រតិបត្តិ និងច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០០៥ (IHR 2005) របស់អង្គការសុខភាពពិភពលោកគិតចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ ខ្លឹមសារសំខាន់ផ្សេងទៀតក្នុងសេចក្តីប្រកាសនេះ មានដូចជា ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19)ដោយមន្ត្រីពាក់ពន្ឋទូទាំងប្រទេស ក៏ដូចជាវិធានការសាមញ្ញៗដែលប្រជាពលរដ្ឋអាចអនុវត្តបានដើម្បីការពារខ្លួនពីជំងឺកូវីដ១៩(COVID-19) និងជំងឺឆ្លងផ្សេងៗទៀតផងដែរ។
ក្រសួងសុខាភិបាល