សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី នៅខេត្តព្រះសីហនុ និង វិធានការការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើ បុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង រ៉ូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណាតែម្នាក់គាត់ គឺលោក ចា ជិនហូរ។ វិធានការសំខាន់ៗដែលក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរខេត្ត ព្រះសីហនុ បានដាក់ចេញអនុវត្ត មានដូចតទៅ៖ ដាក់អ្នកជំងឺនៅបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន ក៏ដូចជា ផ្តល់ការព្យាបាលដោយចិត្តទុកដាក់ជាទីបំផុត ដាក់ក្រុមគ្រួសារគាត់ឱ្យស្ថិតនៅក្រោមការតាមដានសុខភាព និងស្វែងរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើការអប់រំសុខភាព ព្រមទាំងតាមដានសុខភាពពួកគាត់ និងបាញ់សម្លាប់មេរោគកន្លែងគាត់ស្នាក់នៅ • រាយការណ៍ជូនស្ថានទូតចិនប្រចាំនៅកម្ពុជា អំពីករណីវិជ្ជមានខាងលើនេះ។
ក្រសួងបានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការ ចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីខាងលើ ដោយអនុវត្តនូវវិធានការដូចតទៅ៖
- ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
- លាងដៃឱ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយ ផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
- ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែល គេដឹងថាមានវីរុសកំពុងចរាចរ។
- ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសាអាហារ ដែលចម្អិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
- អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
- ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្ដាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គល ដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
- បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគក្នុងគ្រឹះស្ថានសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
- ប្រសិនបើមានសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគ សញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរ សំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះ ពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ(ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ។
បើលោកអ្នកមានសំណួរ ឬ ចម្ងល់អ្វីពីបញ្ហាសុខភាពលោកអ្នក សូមទាក់ទងទៅទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល