ការសិក្សាដែលធ្វើឡើងដោយអូស្ត្រាលី លើការពង្រីកលទ្ធភាពទទួលបានទឹកស្អាត តាមរយៈភាពជាដៃគូរវាង ស្ថាប័នសាធារណៈនិងឯកជន
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានជួបជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើការទទួលបានទឹកស្អាតប្រើប្រាស់ នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ លោក Arnold បានសង្ខេបពី របកគំហើញនៃការស្រាវជ្រាវ និងការវិភាគចុងក្រោយ លើបណ្តាញទឹកស្អាតនៅតាមខេត្តនានា ទៅដល់ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលគាំទ្រតាមរយៈកម្មវិធីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលី ជាមួយថវិកាចំនួន៤៩លានដុល្លាអូស្ត្រាលី។
ការសិក្សានេះ បង្ហាញថា ខណៈពេលដែលមានតែ ៤៧%ប៉ុណ្ណោះ នៃភូមិទាំងអស់នៅកម្ពុជា ដែលមានបណ្តាញទឹកស្អាតនៅត្រឹមឆ្នាំ២០២០ តួលេខនៃបណ្តាញទឹកស្អាតនេះ អាចកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង ស្ថាប័នសាធារណៈ និង ឯកជន ដើម្បីបង្កើនការវិនិយោគនិងនវានុវត្តន៍ ពីសំណាក់វិស័យឯកជន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត។
លោក Arnold បានមានប្រសាសន៍ថា “អូស្ត្រាលីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតបន្ថែមទៀត នេះក៏ព្រោះតែផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានទឹកស្អាតប្រើប្រាស់នៅផ្ទះ។”
សូមអានបន្ថែម៖ https://bit.ly/2SJNdap
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា