ម​.​ស​.​ម​.​ក​៖​ កម្ពុជា​ត្រូវ​គោរព​សិទ្ធិ​ស្វ័​យស​ម្រេច​សិទ្ធិ​សម្តែង​មតិ​ អារម្មណ៍​ និង​ជម្រើស​រាង​កាយ​របស់​ស្ត្រី​

​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ សកម្ម​ជន​ស្រ្តី​ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​និង​សម​ភាព​យេនឌ័រ​នៅ​កម្ពុជា​​​ ​បាន​ចេញ​លិខិត​ចំហ​មួយ​ជូន​ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បន្ទាប់​ពី​មានការ​រិះគន់​ទៅ​ដល់​ស្ត្រី​ដែល​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​។​

​នៅ​ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​មតិ​សំណេះសំណាល​ដោយ​ភ្ជាប់​ទៅ​នឹង​ការ​រិះគន់​ទៅ​ដល់​ស្ត្រី​ដែល​ប្រកប​របរ​រកស៊ី​តាម​អន​ឡាញ​ ហើយ​និង​ការ​ស្លៀកពាក់​របស់​ពួក​គេ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​ តម្លៃ​ស្ត្រី​ខ្មែរ​ និង​វប្បធម៌​ជាតិ​ និង​បាន​ផ្តល់​អនុសាសន៍​ជំរុញ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​លើកកម្ពស់​តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្រសួងមហាផ្ទៃ​និង​អាជ្ញាធរ​ បង្កើន​ការ​ស៊ើបអង្កេត​និង​បង្ក្រាប​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ វិធានការ​នេះ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​ក្រុម​អ្នក​សកម្ម​ផ្នែក​សិទ្ធិ​ស្ត្រី​កម្ពុជា​ដែល​ធ្វើ​កិច្ចការ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​និង​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​។​ អនុសាសន៍​របស់​សម្តេច​ក្នុង​ផ្នែក​នេះ​ហាក់ដូចជា​ មិន​ស្រប​ទិស​ដៅ​គ្នា​ជាមួយនឹង​អនុសញ្ញា​ស៊ី​.​ដ​ ព្រមទាំង​ច្បាប់​និង​គោលនយោបាយ​ជាតិ​នានា​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ និង​កំពុង​អនុវត្ត​ និង​យកចិត្តទុកដាក់​ ដូចដែល​បាន​រៀបរាប់​ខាងលើ​។​

​លិខិត​នោះ​ក៏​បាន​និយាយ​ដែរ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ស្ត្រី​ដោយសារ​តែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួក​គេ​ គឺជា​ឬ​ស​គល់​នៃ​អំពើ​ហិង្សា​ និង​ការ​រើសអើង​លើ​ស្ត្រី​ វា​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​ ដែល​រាជរដ្ឋាភិបាល​គួរ​ធ្វើការ​ពិចារណា​ឡើង​វិញ​។​ ហើយ​ពួក​គេ​សូម​អំពាវនាវ​ សល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធានា​ថា​ កម្ពុជា​នឹង​គោរព​សិទ្ធិ​ស្វ័​យស​ម្រេច​ សិទ្ធិ​សម្តែង​មតិ​ អារម្មណ៍​ និង​ជម្រើស​រាង​កាយ​របស់​ស្ត្រី​ ដើម្បី​សម្រេច​បានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​បញ្ឈប់​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​នៅ​កម្ពុជា​៕

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (​ម.​ស.ម.ក)

ទាញយក៖ pdf