អាជ្ញាធរមីន៖ សេចក្តីប្រកាសព័ត៍មានស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA)
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានជម្រាបដល់សាធារណជន អំពីការរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
កិច្ចប្រជុំ (TWG-MA) នេះមានគោលបំណងសម្រេចបាននូវគោលបំណងសំខាន់ៗមួយចំនួនរួមទាំងការបង្ហាញសមិទ្ធផលរួម បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ដែលទទួលបានពីការអនុវត្តយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ រួមជាមួយនឹងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខ ការធ្វើបច្ចុប្បន្នភាពលើការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ ផែនការបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា ក៏ដូចជា ការផ្តល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធ ពិភាក្សាអំពីវិធីពង្រឹងនឹងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ការអនុវត្តសកម្មភាពមីនប្រកបដោយជោគជ័យ។
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)
