សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ តាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩ ដែលការណ៍នេះ បានបង្កើនបន្ថែមនូវសម្ពាធផ្នែកសង្គម-សេដ្ឋកិច្ ចដល់ប្រទេសជាច្រើន រួមមានកម្ពុជាផងដែរ។ ជាក់ស្តែង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ដែលបន្តអូសបន្លាយ និងពង្រីកវិសាលភាព ញាំងឱ្យរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន និងសម្រេចដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នានា។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី៩ ក្នុងគោលបំណង (១) កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងលក្ខណៈទ្រង់ទ្រាយធំ (២) បន្តសុពលភាពនៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក (៣) បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្តារសេដ្ឋកិច្ច និង (៤) បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។ វិធានការដែលរាជរដ្ឋាភិបាលបានដាក់រួមមាន (១) វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ (២) វិធានការបន្តជួយវិស័យអាកាសចរណ៍ (៣) វិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទីក និង (៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
រាជរដ្ឋាភិបាលកម្ពុជា