ឯកឧត្តម ឈៀង យ៉ាណារ៉ាបានទទួលជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុប និងតំណាងដៃគូអឺរ៉ុបប្រចាំកម្ពុជា
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីឯកឧត្តម ឈៀង យ៉ាណារ៉ាបានទទួលជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុប និងតំណាងដៃគូអឺរ៉ុបប្រចាំកម្ពុជា។ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុប និងតំណាងដៃគូអឺរ៉ុបប្រចាំកម្ពុជា (ឆែក, បារាំង, អាល្លឺម៉ង់, ស៊ុយអ៊ែត និងស្វីស) ដឹកនាំដោយលោក Franck Viault អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។ គោលដៅចម្បងនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប-ដៃគូអឺរ៉ុបលើសេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងសេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ២០២១-២០២៧។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា