ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM)
នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM)។
ការប្រជុំនេះនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៣ ដល់ ១៤ ខែកក្កដា ឆ្នាំ ២០២១ នៅទីក្រុងប៉ាគូ សាធារណៈរដ្ឋអាស៊ែរបៃហ្សង់ក្រោមមូលបទ “ចលនាមិនចូលបក្សសម្ព័ន្ធស្ថិតនៅចំណុចកណ្ដាលនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល”។ សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្ដល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូឆ្នាំ ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហាប្រឈមនានា ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ