ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​គង្គា​លើក​ទី​១១

​នៅ​ថ្ងៃ​ទី​ ១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​គង្គា​ លើក​ទី​១១​ (11th​ MGC​ FMM)​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២១​ ខែកក្កដា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​វី​ដេ​អូ​។​

​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ -​ គង្គា​ នឹង​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ចាប់តាំងពី​កិច្ចប្រជុំ​លើក​ទី​ ១០​ និង​កំណត់​ទិស​ដៅ​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​ សំដៅ​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​គង្គា​ ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​នឹង​បញ្ជាក់​អំពី​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ ក្រោម​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​គង្គា​ ក្នុង​រយៈពេល​ ២១​ឆ្នាំ​កន្លង​មក​ សម្រាប់​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​អនុ​តំបន់​មេគង្គ​ និង​ប្រទេស​ឥណ្ឌា​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf