ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករំពឹងថានឹងបន្តពិភាក្សាលើបញ្ហានានាដែលបានលើកឡើងក្នុងឱកាសនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិកក៏នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ានសហរដ្ឋអាមេរិកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះក៏នឹងមានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ