សេចក្ដីថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៨​ និង​លើក​ទី​១៨​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​រួម​ក្រោម​ប្រធាន​ប​បទ​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​អភិរក្ស​និង​ការ​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​ ដើម្បី​អបអរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៨​ និង​លើក​ទី​១៨​នៅ​កម្ពុជា​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​លើក​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ និង​អន្តរជាតិ​ក្នុង​ការ​បង្កើត​យន្តការ​ជាតិ​ និង​អន្តរជាតិ​ទទួលស្គាល់​ សម្រាប់​ជនជាតិ​ដើម​ភាគតិច​​​ និង​​សក្តានុពល​​ក៏ដូចជា​​ការ​ប្រឈម​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​​។​

​នៅ​ក្នុង​បរិបទ​សង្គម​ជនជាតិ​ដើម​ភាគតិច​ ស្ត្រី​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ដឹកនាំ​ គ្រប់គ្រង​ថែរក្សា​នូវ​អត្តសញ្ញាណ​ វប្បធម៌​ ប្រពៃណី​ ដីធ្លី​ និង​ធនធានធម្មជាតិ​ ជា​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​។​ យ៉ាងណាមិញ​ ស្ត្រី​ដែល​មាន​សកម្មភាព​ក្នុង​ការ​ចូលរួម​ ដឹកនាំ​ក្នុង​កិច្ច​ការពារ​អត្តសញ្ញាណ​ ដីធ្លី​ និង​ធនធានធម្មជាតិ​ត្រូវ​ទទួល​រង​នូវ​ការ​គំរាមកំហែង​ពី​សង្គម​ ដូច​ជា​ការ​រើសអើង​លើ​ការ​ចូលរួម​សម្រេចចិត្ត​របស់​ស្ត្រី​ និង​ការ​អនុវត្ត​ច្បាប់​ដែល​មិន​មាន​យុត្តិធម៌​សម្រាប់​ស្ត្រី​ ដែល​នាំ​ដល់​ការ​ប្តឹងផ្តល់​ ចាប់​ដាក់គុក​ បែកបាក់​គ្រួសារ​ រស់នៅ​ដោយ​ជីវភាព​ខ្វះខាត​ គ្មាន​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ត្រូវ​បាន​រឹតត្បិត​ ឬ​ហាម​ជាត់​ដោយ​ច្បាប់​ និង​អ្នកមាន​អំណាច​មួយ​ចំនួន​។​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ តំណាង​អោយ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សូម​ធ្វើការ​អំពាវនាវ​លើកទឹកចិត្ត​ដល់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ទូ​ទាំង​ប្រទេស​បន្ត​ខិតខំ​ យកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​ បណ្តាញ​ និង​សម្លេង​របស់​ខ្លួន​នៅ​គ្រប់​និន្នាការ​ និង​គ្រប់​យន្តការ​ដើម្បី​ឱ្យ​ប្រាកដ​ថា​បាន​ចូលរួម​នូវ​រាល់​ការ​សម្រេចចិត្ត​គ្រប់​ជ្រុងជ្រោយ​ ក្នុង​ការ​ដឹកនាំ​ ការ​អភិរក្ស​ ការ​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​ និង​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​ឱ្យ​មាន​និរន្ត​ភាព​ស្រប​តាម​សិទ្ធិ​ស្វ័​យស​ម្រេច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ ក៏​ស្នើ​អោយ​មានការ​ចូលរួម​ផ្តល់​ការ​គាំទ្រ​ដល់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ឱ្យ​បាន​ពិតប្រាកដ​ពី​សំណាក់​ភ្នាក់ងារ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ​ រាជរដ្ឋាភិបាល​ និង​តុលាការ​។​

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

ទាញយក៖ pdf