ព្រះរាជាណាចក្រកម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ
ថ្ងៃទី១៣ មិថុនា ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយជូនសាធារណជនឱ្យបានជ្រាបថា ព្រះរាជាណាចក្រកម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិមួយឆ្នាំ (២០១៩) ដោយសំឡេងគាំទ្រចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតនៅសាលមហាសន្និបាតនៃទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងខិតខំ៖ ១.) ចូលរួមពិភាក្សា និងផ្តល់យោបល់លើការជម្រុញស្តង់ដាររស់នៅឱ្យបានខ្ពស់ ការបង្កើតការងារឱ្យបានពេញលេញ និងជម្រុញលក្ខខណ្ឌនៃការរីកចំរើនសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ ២.) ចូលរួមជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ ៣.) ចូលរួមជម្រុញដំណោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិ និងសុខាភិបាលសង្គម ៤.) ចូលរួមជម្រុញការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ