ពិធីសម្ពោធលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ឯកអគ្គរាជ/រដ្ឋទូត ឬតំណាងនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ប្រចាំនៅកម្ពុជារួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងចិន និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ភោធនេះផងដែរ។ គួរកត់សម្គាល់ថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ និងធ្វើសហប្រធានជាមួយប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិប្តិការមេគង្គ-ឡានឆាង លើកទី២ នៅក្នុងខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ ផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ