ឱកាសអភិវឌ្ឍអាជីវកម្មរបស់អ្នក៖ ចូលរួមការបណ្ដុះបណ្ដាលរបស់យើងអំពីជំនាញឌីជីថលនិងការអភិវឌ្ឍអាជីវកម្មដើម្បីកំណើនប្រកបដោយចីរភាព
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានក្ដីសោមនស្សរីករាយសូមប្រកាសបើកទទួលការចុះឈ្មោះចូលរួមការបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញ ស្ដីពី “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល”។ ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកចូលរួមមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប មណ្ឌលគិរី និងកំពត ហើយនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៥ នៅតាមទីតាំងនីមួយៗ។
ហេតុអ្វីត្រូវចូលរួម?
ការបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងអាជីវកម្មរបស់អ្នកតាមរយៈជំនាញនិងចំណេះដឹងដែលចាំបាច់។ អ្នកចូលរួមនឹង៖
- យល់ដឹងពីបទប្បញ្ញត្ដិដែលគ្របដណ្ដប់លើវិស័យឯកជន និងឈ្វេងយល់ពីជម្រើសនៃលទ្ធភាពទទួលបានហិរញ្ញវត្ថុ
- ប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីធ្វើសេចក្ដីសម្រេចចិត្ដដែលមានមូលដ្ឋាន និងរៀបចំផែនការយុទ្ធសាស្ដ្រឱ្យមានប្រសិទ្ធភាព
- ពង្រឹងការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីធ្វើឱ្យប្រសើរឡើងនូវសមិទ្ធកម្មអាជីវកម្មនិងទំនាក់ទំនងជាមួយនឹងអតិថិជន
ការបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយនៃគម្រោង “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល” ដែលផ្ដល់ជំនួយហិរញ្ញវត្ថុដោយមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្ដរជាតិ។
អ្នកចូលរួមគោលដៅ៖
សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្ដសៀមរាប មណ្ឌលគិរី និងកំពត។ ស្ដ្រី និងអ្នកដែលមានជំនាញឌីជីថលនិងអាជីវកម្មនៅមានកម្រិត ត្រូវបានលើកទឹកចិត្ដឱ្យចុះឈ្មោះចូលរួម។
ចុះឈ្មោះឥឡូវនេះតាមរយៈ https://forms.gle/a1TsyuhWunQqRECY9
បិទទទួលការចុះឈ្មោះ នៅពេលដែលក្រុមការងារទទួលបានការចុះឈ្មោះដល់ចំនួនអតិបរមា។
បញ្ជាក់៖ មានតែអ្នកដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានក្រុមការងារទាក់ទងទៅ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ