សេចក្តីថ្លែងការណ៍​៖​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ទម្រង់​

​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ ដែល​អះអាង​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ខ្លួន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ទម្រង់​ ជា​ពិសេស​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ការ​ជួញដូរ​មនុស្ស​ ។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស​ ដែល​នាំ​ទៅ​ដល់​ការ​បិទ​បរិវេណ​ខុសច្បាប់​ និង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ ដែល​ពួក​គេ​តែងតែ​ត្រូវ​បាន​គេ​ជួញដូរ​ និង​បង្ខិតបង្ខំ​ ។​ វិធានការ​សំខាន់ៗ​រួម​មានការ​ពង្រឹង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ការ​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​ និង​ការ​បង្កើត​ក្រុមការងារ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​នា​ពេល​អនាគត​ ។​

​កម្ពុជា​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ដៃគូ​ដូច​ជា​ សាធារណរដ្ឋ​កូរ៉េ​ ចិន​ និង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ ។​ បន្ទាប់​ពី​ឧបទ្ទវហេតុ​ដ៏​សោកនាដកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​កូរ៉េ​នា​ពេល​ថ្មីៗ​នេះ​ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​មួយ​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បទឧក្រិដ្ឋ​ទាំងនេះ​ជា​លក្ខណៈ​ទ្វេភាគី​ ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ សមភាព​ និង​ការ​ជឿ​ទុកចិត្ត​ ។​

កម្ពុជា​បាន​សង្កត់ធ្ងន់​ថា​ «​ខណៈ​ដែល​ឧក្រិដ្ឋជន​យក​បច្ចេកវិទ្យា​ និង​ព្រំដែន​ជា​ឈ្នាន់​ វិធានការ​ឆ្លើយ​តប​របស់​យើង​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ទាំងនេះ​ ចាំបាច់​ក៏​ត្រូវធ្វើ​ឡើង​ដូច​គ្នា​ ក្រោម​កិច្ចសហការ​ និង​ការ​សម្របសម្រួល​»​។​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ មិនមែន​ការ​ស្តីបន្ទោស​ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​ស្វែងរក​ឧក្រិដ្ឋជន​ ការពារ​និង​សង្គ្រោះ​ជន​រង​គ្រោះ​ ព្រមទាំង​រក្សាសុខ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​សង្គម​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់ៗ​គ្នា​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf