សេចក្តីថ្លែងការណ៍ក្រសួងការបរទេសស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីស្ថានភាពយោធិនខ្មែរចំនួន ១៨ រូប ដែលប្រទេសថៃបានបន្តឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ១២៧ ថ្ងៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្តតាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ និងការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ ដើម្បីជំរុញការដោះលែងយោធិនទាំង ១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តធ្វើការយ៉ាងជិតស្និទ្ធ បានផ្តល់ការគាំទ្រក្នុងការធានាឱ្យយោធិនរបស់យើងទទួលបាននូវការគោរពសិទ្ធិស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ជូនដំណឹងដល់ក្រុមគ្រួសារអំពីសុខទុក្ខរបស់ពួកគេ និងបានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់យោធិនទាំងអស់ផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
