ក្រសួងសាធារណការនឹងរឹតបន្តឹងរថយន្តដឹកលើសទម្ងន់ចាប់ពីដើមខែសីហា
កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។
ក្រសួងសាធារណការ និងដឹកជញ្ជូន