ក្រសួងមហាផ្ទៃ​៖​ សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ប្រតិបត្តិការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​និស្សិត​កូរ៉េ​ខាងត្បូង​

​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​លម្អិត​អំពី​លទ្ធផល​ប្រតិបត្តិការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក​ Park​ Minho​ ជា​និស្សិត​កូរ៉េ​ខាងត្បូង​ អាយុ​ ២២​ឆ្នាំ​។​ សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​រថយន្ត​ដឹក​សព​មួយ​គ្រឿងក្នុង​ក្រុង​កំពត​ កាលពី​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០២៥​ ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​ជា​បន្ទាន់​នូវ​ជនជាតិ​ចិន​ពីរ​នាក់​ដែល​ជា​អ្នក​ដឹក​សព​ ខណៈ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​។​

​ការ​ធ្វើ​កោសល្យវិច័យ​បឋម​បាន​កំណត់​ថា​ មូលហេតុ​នៃ​ការ​ស្លាប់​គឺ​បណ្តាល​មក​ពី​គាំងបេះដូង​ ដែល​បង្ក​ឡើង​ដោយ​ការ​ធ្វើ​ទារុណកម្ម​ ជាក់ស្តែង​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​លើ​រាង​កាយ​។​ ក្រសួង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ទាំង​ក្រុម​គ្រួសារ​សព​ និង​ទាំង​ស្ថានទូត​កូរ៉េ​ខាងត្បូង​ ពុំ​បាន​ទាក់ទង​មក​នគរបាល​កម្ពុជា​អំពី​ករណី​នេះ​មុន​ពេល​រក​ឃើញ​សព​នោះ​ទេ​ ដែល​ផ្ទុយ​ពី​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ South​ China​ Morning​ Post​។​

​ប្រតិបត្តិការ​ស៊ើបអង្កេត​បន្តបន្ទាប់​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ឲ្យ​ចុះ​ឆែកឆេរ​ផ្ទះ​វីឡា​មួយ​កន្លែង​ដែល​ជាទី​កន្លែង​ស្នាក់​នៅ​ចុង​ក្រោយ​របស់​ជន​រង​គ្រោះ​ និង​ជាទី​តាំង​សង្ស័យ​មាន​សកម្មភាព​អន​ឡាញ​ខុសច្បាប់​ ហើយ​បាន​ឃាត់ខ្លួន​អ្នកគ្រប់គ្រង​អគារ​ជនជាតិ​ចិន​ម្នាក់​ទៀត​។​ នគរបាល​យុត្តិធម៌​បាន​កសាង​សំណុំរឿង​យ៉ាង​មូល​សម្រាប់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ ដោយ​ចោទប្រកាន់​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ទាំង​បី​នាក់​ (​រួម​ទាំង​បក្ខពួក​ពីរ​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​)​ ពី​បទ​ ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​ និង​បទ​ឆបោក​ (cyberscam)​ ក្រោម​មាត្រា​ ២០៥,​ ៣៧៧,​ និង​ ៣៧៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ ចំណែក​ការ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ពីរ​នាក់​ដែល​នៅ​សេសសល់​កំពុង​បន្ត​។​

​ក្រសួងមហាផ្ទៃ​ក៏​កំពុង​រៀបចំ​លិខិតផ្លូវការ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ជម្រាប​ជូន​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ផង​ដែរ​។​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​ ជា​ពិសេស​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​ទាមទារ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាស​កល​។​

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf