សេចក្ដីជូនដំណឹង​ស្ដី​ពី​វិធានការ​រារាំង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ (Telegram)​

​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ អំពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ ដែល​បាន​នឹង​កំពុង​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​។​ ឧក្រិដ្ឋជន​បាន​ធ្វើការ​វាយប្រហារ​ក្រោម​ទម្រង់​ជា​ការ​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ ឬ​ឈ្មោះ​បុគ្គល​ដទៃ​ទៀត​ ដើម្បី​បញ្ជូន​មេរោគ​តាម​សារ​ក្នុង​កម្មវិធី​តេ​ឡេ​ក្រាម​ សម្រាប់​បោក​បញ្ឆោត​អ្នក​ប្រើប្រាស់​ ដែល​គេ​បាន​កំណត់​មុខសញ្ញា​។​ ឯកសារ​ដែល​មាន​ផ្ទុកមេរោគ​ អាច​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន​លួច​យក​ទិន្នន័យ​នានា​នៅ​ក្នុង​ទូរស័ព្ទ​ ឬ​កុំព្យូទ័រ​ ដូច​ជា​ ឯកសារ​ លេខ​កូដ​សម្ងាត់​ ព្រមទាំង​អាច​បញ្ជា​កាមេរ៉ា​ថតរូប​ និង​ឧបករណ៍​ថត​សំលេង​ផង​ដែរ​។​ លើស​ពី​នេះ​វា​ប្រើប្រាស់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទៅ​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​។​

​ដើម្បី​ជៀសវាង​ការ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​បោកប្រាស់​របស់​ក្រុម​អ្នក​វាយប្រហារ​ អ្នក​ប្រើប្រាស់​តេ​ឡេ​ក្រាម​គួរតែ​ផ្ទៀងផ្ទាត់​ និង​ត្រួតពិនិត្យ​គណនី​របស់​បុគ្គល​ដែល​បាន​ផ្ញើ​សារ​មក​ឱ្យ​បាន​ច្បាស់លាស់​។​ ក្នុង​ករណី​សង្ស័យ​ អ្នក​ប្រើប្រាស់​អាច​បិទ​ (Block​ User)​ ឬ​រាយការណ៍​អំពី​ករណី​នេះ​តាម​អ៊ី​ម៉ែ​ល​ incident@camcert.gov.kh​ ឬ​លេច​ទូរស័ព្ទ​ ០២៣​ ៧២២​ ៣៩១​ /​ ០១៦​ ៨៥១​ ៦៧៨​។​ លោក​អ្នក​ក៏​អាច​ស្វែង​យល់​បន្ថែម​ក្នុង​គេហទំព័រ​ “​ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (CamCERT)”​។​

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​

ទាញយក៖ pdf