សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ”គីរីរម្យ”
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយស្តីពី ការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ “គីរីរម្យ” ដោយកន្លងមកក្រសួងបរិស្ថានពិនិត្យឃើញថា តំបន់មួយចំនួននៅក្នុងឧទ្យានជាតិមួយនេះ មានចលនាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ រួមមាន ការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរ និងទិញលក់ដីដោយខុសច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ទោះបីជាក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ។ ដើម្បីទប់ស្កាត់សកម្មភាពល្មើសច្បាប់ទាំងនេះ ក្រសួងបានអំពាវនាវ និងដាក់ចេញនូវវិធានការមួយចំនួនដូចជា៖
- បដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដី ដោយខុសច្បាប់គ្រប់ប្រភេទនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ “គីរីរម្យ”
- អ្នកដែលបាន និងកំពុងកាន់កាប់ដីដោយខុសច្បាប់ត្រូវបញ្ឈប់សកម្មភាពទាំងអស់ជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះដោយឥតលក្ខខណ្ឌ មកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ
- ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ព្រមទាំងការសង់ផ្ទះ សង់តូប សង់រោង ដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅក្នុងដែនឧទ្យានជាតិនេះ ដែលជាបទល្មើសធនធានធម្មជាតិ មានចែងក្នុងមាត្រា ៦២ និង ៦៣ នៃច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ
- រដ្ឋបាលមូលដ្ឋាន ជាពិសេស ភូមិ ឃុំ និងស្រុក ត្រូវបញ្ឈប់ជាបន្ទាន់នូវការបញ្ជាក់លើលិខិតទិញ-លក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ “គីរីរម្យ”
សេចក្តីជូនដំណឹងនេះ ត្រូវចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រសួងបរិស្ថាន