សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្ត មាន QR CODE
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្ត មាន QR CODE ដើម្បីបង្កភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ និងបង្ការការក្លែងបន្លំ ដែលមានលក្ខណៈពិសេសដូចតទៅ៖
១. ពន្លឺ UV៖
- បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរយានយន្តពិតប្រាកដ មានបង្កប់នូវពន្លឺ UV
- ដោយប្រើពិល UV បញ្ចាំងលើសន្លឹកបណ្ណ និមិត្តសញ្ញារបស់ក្រសួងនឹងលេចចេញយ៉ាងច្បាស់
២. QR Code៖
- សំណុំឯកសារខាងលើត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវតាមរយៈទិន្នន័យបង្ហាញចេញពី QR Code
- QR Code ពិតប្រាកដនឹងបង្ហាញព័ត៌មានក្នុងគេហទំព័រ ts.mpwt.gov.kh តែមួយគត់
- រាល់ព័ត៌មាននៅលើបណ្ណ ត្រូវតែដូចគ្នានឹងព័ត៌មានដែលបង្ហាញតាមរយៈការស្កេន QR Code
៣. លក្ខណៈពិសេសនៃ QR Code លើផ្លាកលេខយានយន្ត
- អត្តសញ្ញាណរបស់យានយន្តត្រូវបានបង្ហាញតាមរយៈការស្កេន QR Code លើផ្លាកលេខ
- ព័ត៌មានឯកជនភាពនៃម្ចាស់យានយន្តនឹងមិនបង្ហាញតាមរយៈ QR Code លើផ្លាកលេខឡើយ
- ផ្លាកលេខយានយន្តដែលមានកាលបរិច្ឆេទផលិតដូចខាងក្រោមត្រូវមាន QR Code
- ផ្លាកលេខរថយន្ត៖ 07-2017 (ខែកក្កដា ឆ្នាំ២០១៧) ឡើងទៅ
- ផ្លាកលេខយានយន្តផ្សេងៗទៀត៖ 08-2017 (ខែសីហា ឆ្នាំ២០១៧) ឡើងទៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន