សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ (Domain​ name)​ “.kh​ ”

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ ដើម្បី​ជម្រាប​ជូន​សាធារណជន​។​ ដើម្បី​សម្រួល​ដល់​ការ​ស្នើ​សុំ​ឈ្មោះ​ដែន​ជាតិ​ (Domain​ name)​ ឱ្យ​បាន​ឆាប់រហ័ស​ ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក​.​ប​.​ទ​.​ បាន​រៀបចំ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ “​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ .kh”​។​ ឈ្មោះ​ដែន​ជាតិ​ .kh​ នឹង​ផ្តល់​ជូន​សម្រាប់​អ្នក​ស្នើ​សុំ​ដែល​ជា​រូបវន្តបុគ្គល​ សហគ្រាស​ពាណិជ្ជកម្ម​ ក្រុមហ៊ុន​ អង្គការ​ សមាគម​ គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​ តាម​ប្រភេទ​ឈ្មោះ​ដែន​ជាតិ​រួម​មាន​ .kh,​ .com.kh,​ .net.kh,​ .org.kh,​ ឬ​ .edu.kh​ ។​ ការ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ .kh​ ជា​មធ្យោបាយ​ដើម្បី​បង្កើត​អត្តសញ្ញាណ​ផ្លូវការ​របស់​រូប​វ័​ន្ដ​បុគ្គល​ឬ​នីតិបុគ្គល​ នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ បង្កើន​ភាព​ជឿជាក់​ លើ​ពាណិជ្ជ​នាម​ដល់​អតិថិជន​ឬ​ដៃគូ​សហការ​ ជា​ពិសេស​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ស្វែងរក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​ដើម្បី​ស្នើ​សុំ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ .kh​ តាម​រយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ www.domain.gov.kh​ និង​អនុវត្ត​តាម​ជំហាន​នីមួយៗ​ដែល​តម្រូវ​។​ ចំពោះ​ព័ត៌មាន​អំពី​ប្រភេទ​ឈ្មោះ​ដែន​ជាតិ​ របៀប​នៃ​ការ​ស្នើ​សុំ​ ឯកសារ​ភ្ជាប់​ តម្លៃ​ និង​ព័ត៌មាន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ សូម​ទាញ​យក​សៀវភៅ​មគ្គុទេសក៍​ ឬ​ទស្សនា​វី​ដេ​អូ​ពន្យល់​ពី​របៀប​ស្នើ​សុំ​ ដោយ​ស្កេ​ន​ QR​ Code​ ទាំង​ពីរ​ខាងក្រោម​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ តាម​រយៈ​លេខ​ទូរ​សព្ទ​ ៦៧៨៩​ ឬ​ ០២៣​ ៧២២​ ៣៣៣​ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។​

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf