ការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បន្ទាប់ពីក្រសួងកត់សម្គាល់ឃើញថា មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានយកចិត្តទុកដាក់អនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ១០ និង មាត្រា ២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបានអនុវត្តផ្ទុយនឹងលក្ខន្តិកៈរបស់ខ្លួនថែមទៀត។
ដើម្បីធានាឱ្យការចូលរួមអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានជម្រាបជូនដំណឹងដល់គ្រប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជី និងតម្កល់សំណុំឯកសារនៅក្រសួងមហាផ្ទៃ ត្រូវបំពេញកាតព្វកិច្ច៖
- ស្របតាមមាត្រា ១០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចសហប្រតិបត្តិការរបស់ខ្លួននៅធនាគារ ក្នុងព្រះរាជាណាចក្រកម្ពុជាមកក្រសួងមហាផ្ទៃ និងក្រសួងសេដកិច្ច និងហិរញ្ញវត្ថុឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ ២០១៧ ជាកំណត់។
- ស្របតាមមាត្រា ២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងផ្ញើរបាយការណ៍មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនឱ្យហួសពីដំណាច់ខែ កុម្ភៈ នៃឆ្នាំបន្ទាប់។
- ផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៦ មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ ២០១៧ ជាកំណត់។
ក្រសួងមហាផ្ទៃ