លទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
ជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ បានផ្តោតលើការពង្រឹងលក្ខខណ្ឌនៃ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួរ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការគោរព និងរក្សា សេចក្តីថ្លែងការណ៍រួមនេះ ដែលបម្រើជាក្របខ័ណ្ឌសម្រាប់ សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព រវាងប្រជាជាតិទាំងពីរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអនុវត្តន៍ពេញលេញ និងស្មោះត្រង់នៃបទប្បញ្ញត្តិរបស់សេចក្តីថ្លែងការណ៍រួមនេះ គឺជា ការទទួលខុសត្រូវរួមគ្នានិងបន្ទាន់ របស់ភាគីទាំងពីរ ដោយគូសបញ្ជាក់ពីតម្រូវការឱ្យភាគីទាំងពីរ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវចំណុចដែលបានព្រមព្រៀងគ្នាដោយសុចរិតភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
