លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ភាគីទាំងពីរបានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បីបន្តចំណងមិត្តភាពជាប្រពៃណីទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លានដុល្លារអាមេរិក នៅឆ្នាំ២០២២។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ