លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១២ ថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងប្រ៊ុចសែល
ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១២ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បានបិទបញ្ចប់ទៅដោយជោគជ័យជាមួយនឹងការអនុម័តនូវសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំស្តីពី “អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់ការប្រឈមសកល”។ ថ្នាក់ដឹកនាំបានពិភាក្សាយ៉ាងផុលផុសទៅលើបញ្ហាជាច្រើន ដែលផ្តោតទៅលើការជម្រុញកំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ ASEM និងការអភិវឌ្ឍប្រកបដោយចីរភាពស្របទៅនឹងបរិបទនៃរបៀបវារៈឆ្នាំ ២០៣០។ ថ្នាក់ដឹកនាំបានចែករំលែកនូវគំនិត និងទស្សនៈវិស័យអំពីការវិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិដែលតម្រូវឱ្យមានការដោះស្រាយរួមគ្នា ដើម្បីជាប្រយោជន៍របស់អាស៊ី និងអឺរ៉ុប ដែលរួមមាន៖ ការប្រយុទ្ធប្រឆាំងគោលនយោបាយគាំពរនិយម ពង្រឹងពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយឈរលើគោលការណ៍ច្បាប់ ដោះស្រាយការប្រឈមនៃការប្រែប្រួលអាកាសធាតុ លើកកម្ពស់ការមិនរីកសាយសព្វាវុធក្នុងសកលលោក ការរំលាយចោលអាវុធនុយក្លេអ៊ែរ និងដំណើរការសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ ការប្រយុទ្ធប្រឆាំងភេរចកម្ម និងអំពើជ្រុលនិយមដោយហឹង្សា ទេសន្តរប្រវេសន៍ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត និងសន្តិសុខលំហរសមុទ្រ។
ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចែករំលែកនូវទស្សនៈស្តីពីរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ឱ្យមានូវយន្តការសម្របសម្រួល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់សកលលោក ដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសនីមួយៗ ក្នុងការធានានូវកំណើន ដោះស្រាយការកាត់បន្ថយភាពក្រីក្រ កែលម្អរសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ លោកក៏បានបន្ថែមថា អាស៊ី និងអឺរ៉ុប គួរតពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាដល់សន្តិភាព សន្តិសុខ ការអភិវធ្ឍ និងសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាកត្តាសំខាន់ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ