លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ លើក​ទី​ ១២​ ថ្ងៃ​ទី​ ១៨-១៩​ ខែតុលា​ ឆ្នាំ​ ២០១៨​ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​

​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ដល់​ថ្ងៃ​ទី​ ១៩​ ខែតុលា​ ឆ្នាំ​២០១៨​ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​ ១២​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​ បាន​បិទ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ជាមួយនឹង​ការ​អនុម័ត​នូវ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អង្គប្រជុំ​ស្តី​ពី​ “​អឺរ៉ុប​ និង​អាស៊ី​៖​ ដៃគូ​សកល​សម្រាប់​ការ​ប្រឈម​សកល​”​។​ ថ្នាក់ដឹកនាំ​បាន​ពិភាក្សា​យ៉ាង​ផុលផុស​ទៅ​លើ​បញ្ហា​ជា​ច្រើន​ ដែល​ផ្តោត​ទៅ​លើ​ការ​ជម្រុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​កា​រត​ភ្ជាប់​ ASEM​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស្រប​ទៅ​នឹង​បរិបទ​នៃ​របៀបវារៈ​ឆ្នាំ​ ២០៣០​។​ ថ្នាក់ដឹកនាំ​បាន​ចែករំលែក​នូវ​គំនិត​ និង​ទស្សនៈវិស័យ​អំពី​ការ​វិវត្តន៍​ថ្មីៗ​នៅ​ក្នុង​តំបន់​ និង​អន្តរជាតិ​ដែល​តម្រូវ​ឱ្យ​មានការ​ដោះស្រាយ​រួម​គ្នា​ ដើម្បី​ជា​ប្រយោជន៍​របស់​អាស៊ី​ និង​អឺរ៉ុប​ ដែល​រួម​មាន​៖​ ការ​ប្រយុទ្ធ​ប្រឆាំង​គោលនយោបាយ​គាំ​ពរ​និយម​ ពង្រឹង​ពហុភាគី​និយម​ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ ដោះស្រាយ​ការ​ប្រឈម​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ លើកកម្ពស់​ការ​មិន​រីកសាយ​សព្វាវុធ​ក្នុង​សកលលោក​ ការ​រំលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ និង​ដំណើរការ​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ ការ​ប្រយុទ្ធ​ប្រឆាំង​ភេរ​ច​កម្ម​ និង​អំពើ​ជ្រុលនិយម​ដោយ​ហឹ​ង្សា​ ទេសន្តរប្រវេសន៍​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ និង​សន្តិសុខ​លំហរ​សមុទ្រ​។​ 

​ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចែករំលែក​នូវ​ទស្សនៈ​ស្តី​ពី​របៀបវារៈ​ឆ្នាំ​២០៣០​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ឱ្យ​មា​នូវ​យន្តការ​សម្របសម្រួល​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​សកលលោក​ ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ ក្នុង​ការ​ធានា​នូវ​កំណើន​ ដោះស្រាយ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ កែ​លម្អរ​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​។​ លោក​ក៏​បាន​បន្ថែម​ថា​ អាស៊ី​ និង​អឺរ៉ុប​ គួរ​ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ ដើម្បី​ធានា​ដល់​សន្តិភាព​ សន្តិសុខ​ ការ​អភិ​វ​ធ្ឍ​ និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (SDGs)​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf