លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១នៅប្រទេសម៉ុងហ្គោលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមប្រធានបទ “រយៈពេល២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” ដែលនឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះថ្នាក់ធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏មានការជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន និងលោកជំទាវ ប៉ាក គឿនហេ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf