សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​៖​ កម្ពុជា​ស្វែងរក​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វី​លី​ពី​ន​

​កាលពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ កន្លង​ទៅ​ ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​ស្រូវ​អង្ករ​ គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ ដឹកនាំ​ដោយ​លោក​ជំទាវ​ គឹ​ម​ ស្រី​រ័​ត្ន​ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម​ ចាន់​ សុខ​ទី​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​ និង​ ឧកញ៉ា​ ចាន់​ សុខ​ឃាំង​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​សមាជិក​ចំនួន​ ០៨​រូប​ ទៅ​ចូលរួម​កិច្ចប្រជុំ​ និង​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​ទីផ្សារ​អង្ករ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ដោយ​មានការ​សម្របសម្រួល​ពី​ ឧកញ៉ា​ វ៉ា​ន់​ សូ​អៀង​ ទីប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

នៅ​ក្នុង​កិច្ចប្រជុំ​ និង​ទស្សនកិច្ច​សិក្សា​ទីផ្សារ​នេះ​ គណៈប្រតិភូ​ប្រទេស​កម្ពុជា​បាន​ជួប​ជាមួយ​ ឯកឧត្តម​ ALFEDO.E​ PASCUAL​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ប្រទេស​ហ្វី​លី​ពី​ន​ និង​លោក​ជំទាវ​ DR.​ EMMIE​ LIZA​ PEREZ-CHIONG​ ប្រធាន​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​ហ្វី​លី​ពី​ន​ និង​ភាគី​ពាក់ព័ន្ធ​លើ​ការ​នាំ​ចូល​អង្ករ​។​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ និង​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​ថ្មី​ ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ ក្រោម​យន្តការ​រដ្ឋ​ និង​រដ្ឋ​ ដែល​សង្ឃឹមថានឹង​ចុះហត្ថលេខា​នា​ពេល​ឆាប់ៗ​ខាង​មុខ​។​ ជាមួយ​គ្នា​នេះ​ខាង​ភាគី​ហ្វី​លី​ពី​ន​ ក៏​បើក​ឱ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ដោយ​សេរី​ នៅ​ក្រោម​រូបភាព​ឯកជន​ និង​ឯកជន​ដោយ​ផ្ទាល់​តែ​ម្តង​ ទៅ​តាម​បរិមាណ​ គុណភាព​ និង​តម្លៃ​ដែល​បាន​ឯកភាព​ រវាង​ភាគី​ទាំង​ពីរ​។​ ​ក្នុង​ឆ្នាំ​២០២២​ កន្លង​ទៅ​ ប្រទេស​ហ្វី​លី​ពី​ន​ បាន​នាំ​ចូល​អង្ករ​ចំនួន​ ៣.៨២​លាន​តោន​ ពី​ប្រទេស​នានា​ ដែល​ប្រភេទ​អង្ករ​ភាគច្រើន​បំផុត​ជា​ប្រភេទ​អង្ក​រស​ធម្មតា​។​

​អ្នក​នាំ​ចូល​អង្ករ​ប្រទេស​ហ្វី​លី​ពី​ន​ នឹង​មក​ទស្សនកិច្ច​សិក្សា​លើ​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា​ដោយ​ផ្ទាល់​តែ​ម្តង​ ដើម្បី​បង្កើន​ទំនុកចិត្ត​ និង​ទំនាក់ទំនង​ឱ្យ​កាន់​ តែ​ប្រសើរ​ឡើង​ និង​មាន​ភាព​យូរអង្វែង​ ដែល​កម្មវិធី​នេះ​នឹង​គ្រោង​រៀបចំ​ឡើង​នៅ​ពេល​រដូវ​ច្រូតកាត់​ស្រូវប្រាំង​ជុំ​ទី​១​ នៅ​ចុងខែ​កុម្ភៈ​ ឬ​ដើមខែ​មីនា​ ឆ្នាំ​២០២៣​ នេះ​តែ​ម្តង​ ដែល​ក្នុង​កំឡុង​ពេល​ទស្សនកិច្ច​សិក្សា​អាច​នឹង​ឈាន​ដល់​ការ​ចុះ​កិច្ចសន្យា​ទិញ​-​លក់​៕

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf