សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋលេខាធិការក្រសួងការពារជាតិ ជម្រាបជូនដល់អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP)អំពីការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររវាងកម្ពុជា-ថៃ
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) អំពី ការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ សេចក្តីថ្លែងការណ៍នេះ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ដារទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ ឯកឧត្តម បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួនដែលត្រូវបានឯកភាពគ្នាក្រោមសេចក្តីថ្លែងការណ៍រួមនេះ មានដូចជា ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ឯកឧត្តមរដ្ឋលេខាធិការបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តដ៏ស្មោះត្រង់របស់កម្ពុជាក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងការដឹងគុណចំពោះប្រទេសម៉ាឡេស៊ី ក៏ដូចជាសហរដ្ឋអាមេរិក ចិន និងដៃគូដទៃទៀតសម្រាប់ការគាំទ្រប្រកបដោយស្ថាបនា។
ក្រសួងការពារជាតិ
