សេចក្ដីប្រកាសព័ត៌មានស្តីពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ឯកឧត្ដម សុខ ចិន្ដាសោភាឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្រី្ដការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស នៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង លើកទី៩ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២៤ នៅខេត្ដឈៀងម៉ៃ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ម៉ារីត សារៀមផុង្ស រដ្ឋមន្ដ្រីការបរទេសនៃព្រះរាជាណាចក្រថៃ។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ