សេចក្តីប្រកាសព័ត៌មាន៖ បទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតពី ៣៣ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញ ស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកជំទាវ អ៊ាត សោភា អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍ បានរំលឹកពីព្រឹត្តិការណ៍ដែលនាំឲ្យមានការវាយលុករបស់ប្រទេសថៃលើកម្ពុជា និងបានថ្កោលទោសចំពោះការវាយលុកដោយអាវុធរបស់ថៃដោយប្រើអាវុធធុនធ្ងន់ រួមទាំងរថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុល ប្រឆាំងនឹងទីតាំងកម្ពុជាជាច្រើន ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិដែលត្រូវបានការពារ។ លោកជំទាវបានច្រានចោលការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ និងបានផ្តើមការវាយប្រហារ ហើយបានគូសបញ្ជាក់ថាការវាយលុកថ្មីៗបំផុតមកលើកម្ពុជាថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានបទបង្ហាញអំពីអង្គហេតុនៃការវាយលុកកាន់តែខ្លាំងរបស់យោធាថៃនៅតាមតំបន់ជាច្រើនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ព្រមទាំងស្ថានភាពជាក់ស្តែង ដែលកំពុងកើតឡើង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
