សេចក្តីប្រកាសព័ត៌មាន៖ អាល្លឺម៉ង់ប្តេជ្ញាបន្តចូលរួមលុបបំបាត់ភាពក្រីក្រក្នុងប្រទេសកម្ពុជា-ការចរចាទ្វេភាគីបានបញ្ចប់ដោយជោគជ័យ
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានអំពី ការប្តេជ្ញាបន្តចូលរួមរបស់អាល្លឺម៉ង់ក្នុងការលុបបំបាត់ភាពក្រីក្រក្នុងប្រទេសកម្ពុជា។ ប្រទេសអាល្លឺម៉ង់នឹងផ្តល់ឥណទាន (កម្ចី) សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្តល់ជំនួយឥតសំណងសម្រាប់វិស័យអាហារូបត្ថម្ភ និងប្រព័ន្ធគណនេយ្យភាពសង្គម ហើយនិងពង្រីកកិច្ចខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពរបស់មណ្ឌលសុខភាពសាធារណៈ និងវិស័យអភិវឌ្ឍន៍ជនបទ។ ឥណទាន(កម្ចី)ថ្មីសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគម្រោងរួមគ្នារវាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប។ ចំនួនទឹកប្រាក់សរុបសម្រាប់គម្រោងនេះនឹងមានទំហំលើសពី៨០លានអឺរ៉ូឡើងទៅ (ក្នុងគម្រោងពហុភាគីនេះ អាល្លឺម៉ង់នឹងចូលរួមឥណទានចំនួន ៣០ លានអឺរ៉ូ)។ កិច្ចប្រឹងប្រែងរួមគ្នាដ៏ពិតប្រាកដរបស់ប្រទេសអឺរ៉ុបនេះ នឹងជួយបង្កើតឱ្យមានការប្រែប្រួលជាវិជ្ជមានដល់ជីរភាព និងការរស់នៅរបស់ប្រជាជនតាមទីជនបទ។
ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ភ្នំពេញ