សេចក្តី​ប្រកាស​ការ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២០

​នៅ​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​បានចេញ​ផ្សាយ​សេចក្តី​​ប្រកាស​ព័ត៌មាន​មួយ​​ស្តីពី​ការ​ដាក់​​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ “កុមារ​រៀន​កុមារ​ចេះ​”​ របស់​ក្រសួង​អប់រំ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី​២៤​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ា​រី​ រាជធានី​ភ្នំពេញ​។​ សេចក្តីប្រកាស​នេះ​ក៏​​បានអោយ​ដឺ​ង​ដែរ​​ថា​ “​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ​”​ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​បទ​ពិសោធ​ និង​ការ​ចូលរួម​របស់​អ្នក​ពាក់ព័ន្ធ​ផ្អែក​លើ​ភស្តុ​តាង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ ការ​សិក្សា​នៅ​កម្រិត​ថ្នាក់ដំបូង​នៃ​បឋម​សិក្សា​នា​ពេល​កន្លង​មក​។​ កម្មវិធី​នេះ​ផ្តោត​ទៅ​លើ​ការ​បង្កើត​កញ្ចប់​សម្ភារៈ​អំ​ណា​ន​ និង​គណិត​វិទ្យា​ សម្រាប់​កម្រិត​ថ្នាក់​ទី​១​ និង​ទី​២​ ក៏​ដូច​ជា​ការ​បណ្តុះបណ្តាល​ និង​ការ​ណែនាំ​អំពី​វិធីសាស្ត្រ​ថ្មីៗ​ទាំងនេះ​ទៅ​កាន់​គ្រួ​បង្រៀន​ថ្នាក់​ទី​១​ និង​ទី​២​ ទាំងអស់​។​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ និង​២០១៩-២០២០​ កម្មវិធី​កុមារ​រៀន​កុមារ​ចេះ​ត្រូវ​បាន​យក​មក​អនុវត្ត​ក្នុង​សាលា​បឋម​សិក្សា​ចំនួន​ ២​ ១០០​ និង​មាន​សិស្ស​ទទួលផល​ ១៥០​ ០០០​នាក់​ ស្ថិត​ក្នុង​ខេត្តកំពង់ធំ​ សៀមរាប​ ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ កំពត​ និង​ឧត្តរមានជ័យ​ ព្រមទាំង​នៅ​តាម​សាលារៀន​ចំនួន​១៣០​ នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត​ ដែល​បាន​ និង​កំពុង​អនុវត្ត​ដោយ​អង្គការ​ដៃគូ​នានា​។​

​ក្រសួង​នឹង​ពង្រីក​ការ​អនុវត្ត​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ​ទៅ​គ្រប់​សាលា​បឋម​សិក្សា​ទូ​ទាំង​ប្រទេស​ និង​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​នៃ​ការ​បណ្តុះបណ្តាល​គ្រូ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​បឋម​សិក្សា​ទូ​ទាំង​ប្រទេស​នៅ​ពេល​អនាគត​។​

ក្រសួងអប់រំ​ យុវជន និងកីឡា

ទាញយក៖ pdf