សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចពិភាក្សាសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់លើកទី២៧ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបនៅថ្ងៃ២០ដល់២១ ខែកុម្ភៈ ឆ្នាំ២០២០
នៅថ្ងៃទី២១ ខែកុម្ភះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅលើបណ្តាញសង្គម និងគេហទំព័រផ្លូវការរបស់ខ្លួនស្តីពីលទ្ធផលកិច្ចពិភាក្សាសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់លើកទី២៧ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបនៅថ្ងៃ២០ដល់២១ខែកុម្ភះឆ្នាំ២០២០។ បើយោងទៅតាមសេចក្តីប្រកាស កិច្ចពិភាក្សាសន្ទនានេះផ្តល់នូវកាលានុវត្តដើម្បីអោយភាគីទាំងពីរពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ រៀបចំទិសដៅពេលអនាគតនិងដើម្បីរៀបចំកិច្ចប្រជុំកំពូលថ្នាក់អាស៊ាន-នូវ៉ែលហ្សេឡង់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០នៅទីក្រុងដាណាង ប្រទេសវៀតណាម។
អង្គប្រជុំបានពិភាក្សាបញ្ហាដែលជាផលប្រយោជន៍និងជាកង្វល់រួមជាច្រើនដែលមានដូចជា ការវិវត្តថ្មីៗនៅក្នុងអាស៊ាន នៅក្នុងប្រទេសនូវែលហ្សេឡង់ និងនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ព្រមទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ ដូចជា ទស្សនទានឥណ្ឌូប៉ាស៊ីហ្វិក ឧបទ្វីបកូរ៉េនិងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុជាដើម។អង្គប្រជុំក៏បានពិនិត្យឡើងវិញផងដែរនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលហ្សេឡង់ដោយបានពិភាក្សាអំពីសកម្មភាពមួយចំនួនដែលអាចអនុវត្តរួមគ្នាដោយផ្តោតសំខាន់លើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការតភ្ជាប់ និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។ លើសនេះផងដែរ អាស៊ាន និងនូវែលហ្សេឡង់បានពិភាក្សាលើឯកសារសំខាន់ចំនួនពីរ គឺ៖ សេចក្តីព្រាងសេចក្តី ប្រកាសទស្សនវិស័យរួមស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់ និង សេចក្តីព្រាងផែនការសកម្មភាពថ្មី (ឆ្នាំ២០២១-២០២៥) ដែលឯកសារសំខាន់ទាំងពីរនេះផ្តល់ជាឯកសារគោលការណ៍ណែនាំ ដើម្បីតម្រង់ទិសវិស័យជាក់លាក់ថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលហ្សេឡង់។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ