សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) លើកទី១២
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយឆ្លើយតបការអញ្ជើញរបស់ឯកឧត្តម Dato’ Serl Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ដើម្បីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) លើកទី១២។ កិច្ចប្រជុំទាំងពីរនេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ “ការរួបរួមអាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព” ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងជាមួយប្រទេសបូក ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម។
តបតាមការអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំទាំងពីរនេះ រួមទាំងកិច្ចប្រជុំ និងជំនួបក្រៅផ្លូវការ ចំនួន ៤ទៀត រួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន និងជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក។
ក្រសួងការពារជាតិ
