សេចក្តីប្រកាសព័ត៌មានស្តីពីករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចំការកៅស៊ូមេមត់ខេត្តក្រចេះ និងប្រជាពលរដ្ឋ
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រួមជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ បានទទួលជួបតំណាងប្រជាពលរដ្ឋដែលមកតវ៉ាករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនទៅក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
តំណាងប្រជាពលរដ្ឋបានទទួលស្គាល់ថា បានចូលទន្ទ្រានកាន់កាប់ដីរដ្ឋដែលបានផ្តល់សិទ្ធិសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំការកៅស៊ូ មេមត់ ពិតប្រាកដមែន ដោយខ្វះដីបង្កបង្កើនផល។ ប្រជាពលរដ្ឋក៏បានយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីបន្តសហការជាមួយអាជ្ញាធរខេត្តក្រចេះ សំដៅពន្លឿនការធ្វើអត្តសញ្ញាណកម្មពីមូលដ្ឋានដើមដែលពួកគេរស់នៅអចិន្ត្រៃយ៍ឱ្យបានច្បាស់លាស់ ហើយយល់ព្រមទទួលយកដីតាមទំហំ និងទីកន្លែងតាមការរៀបចំរបស់អាជ្ញាធរខេត្តក្រចេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់