សេចក្តីប្រកាសព័ត៌មានស្តីពីសន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ”
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បាន អញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី “ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថា សន្និសីទ GovTech ជាលើកដំបូង ក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” ដែលមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ពីក្រសួង ស្ថាប័ន តំណាង ដៃគូអភិវឌ្ឍន៍ អង្គការសមាគម និងវិស័យឯកជន ដែលមានចំនួនសរុបប្រមាណ ២០០ នាក់។
សន្និសីទ GovTech នាពេលនេះ មានគោលបំណង សំខាន់ចំនួន៣ ដូចជា (១)ផ្តល់វេទិកាសម្រាប់មន្ត្រីបច្ចេកទេសឌីជីថលក្នុងការចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល (២)ជំរុញនិងបង្កើនភាពស្និទស្នាលនិងដៃគូសហការ និង(៣)កំណត់ អំពីចំណុចខ្វះខាតនិងកាលានុវត្តភាពសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការរៀបចំគោលនយោបាយបន្ថែម។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)