សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ​ និង​ប្រចាំឆ្នាំ​២០២២​ ព្រមទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​ឆ្នាំ​២០២៣​

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ​ និង​ឆ្នាំ​២០២២​ ព្រមទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​ឆ្នាំ​២០២៣​។​ តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ លទ្ធផល​ប្រមូល​ពន្ធ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០២២​ មាន​ចំនួន​ ៩៧៥,៤៦​ ប៊ី​លាន​រៀល​ (​ប្រមាណ​ជា​ ២៤០,៨៥​ លាន​ដុល្លារ​)​ ស្មើនឹង​ ៨.៥៤%​ នៃ​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២​។​ សរុប​រយៈពេល​ ១២​ខែ​ ឆ្នាំ​២០២២​ ចំណូល​ពន្ធ​-​អាករ​ ប្រមូល​បាន​ជាក់ស្តែង​មាន​ចំនួន​ ១៣៩៩៣,២០​ ប៊ី​លាន​រៀល​ (​ប្រមាណ​ជា​ ៣៤៥៥,១១​ លាន​ដុល្លារ​)​ ស្មើនឹង​ ១២២.៥៤%​ នៃ​ផែនការ​ច្បាប់​ស្តី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំឆ្នាំ​២០២២​ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១​ ឃើញ​ថា​កើនឡើង​ចំនួន​ ២​ ៧០២,៧៣​ ប៊ី​លាន​រៀល​ (​ប្រមាណ​ជា​ ៦៦៧,៣៤​ លាន​ដុល្លារ​)​ ស្មើនឹង​ ២៣.៩៦%​។​ ក្រៅពី​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ នៅ​មាន​លទ្ធផល​ការងារ​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២​។​

ជា​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២៣​ អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន​គ្រប់​តាម​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣​ ចំនួន​ ១៤៦៤៥,៣៨​ ប៊ី​លាន​រៀល​ (​ប្រមាណ​ ៣​ ៥៧១,៦៩​ លាន​ដុល្លារ​)​ ដោយ​បន្ត​ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​ និង​គោលនយោបាយ​សារពើពន្ធ​ ដែល​រួម​មាន​វិធានការ​សំខាន់ៗ​ជា​ច្រើន​ទៀត​។​

អគ្គនាយកដ្ឋាន​ពន្ធដារ

ទាញយក៖ pdf